ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដានតាមប្រព័ន្ធ GPS៖ ​ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ពាក់ព័ន្ធករណីលួចទទួលផលចោរកម្ម និងគ្រឿ.ងញៀ.ន​

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​លួច​ម៉ូតូ ដែល​ប្រព្រឹត្ត​ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ន ផ​ល្លី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​អន្លង់​ស្វាយ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន កញ្ញា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត​។



កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​GPS ដែល​បំពាក់​នៅ​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខាងលើ នៅ​ចំណុច​ផ្ទះ​មួយ​ល្វែង ស្ថិត​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ប្រព័ន្ធ​GPS​បាន​ផ្តល់​សញ្ញា ​ខណៈ​ពេល​នោះ គឺ​មាន​ក្រុម​ជនសង្ស័យ​ជា​ច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដេញ​បង្ក្រាប និង​ធ្វើការ​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​១៣​នាក់ ។

​លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​និង​សួរនាំ​រួច ពិនិត្យ​ឃើញ​មាន​ភាព​ស៊ីសង្វាក់ និង​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ពាក់ព័ន្ធ​ករណី លួច​ស្ថាន​ទម្ងន់ទោស ទទួលផល​ចោរកម្ម​, កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។



ដោយ​ផ្អែក​លើច​ម្លើ​យ​សារភាព​ និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៣​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕