ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លើកគ្នា​តវ៉ា​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ក្រោយ​ឃើញ​ស្ត្រី​ម្តាយ​និង​កូន ត្រូវ​នគរបាល​ខេត្តកំពត​មក​ចាប់​ដល់​ផ្ទះ ដោយ​មិនដឹង​មូលហេតុ លុះ​ក្រោយមក​ទើប​ដឹង​សាច់​រឿង

2 ម៉ោង មុន
  • ភ្នំពេញ

ខេត្ត​ប៉ៃលិន៖ ស្ត្រី​២​នាក់​ម្តាយ​និង​កូន ត្រូវ​បាន​ក្រុម​នគរបាល​ពន្លៀត​ដែនដី​មក​ពី​ខេត្តកំពត សហការ​ជាមួយនឹង​នគរបាល​
ខេត្ត​​ប៉ៃលិន ​ចុះ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ខេត្តកំពត​ភ្លាម​ៗ ។ លុះ​សាច់ញាតិ​តា​យាយ​ ពូ​ មីង និង​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​១៥​នាក់ មិនដឹង​រឿង និង​មិនអស់ចិត្ត​ក៏​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ចង់​ដឹង​មូលហេតុ ។ ក្រោយមក ទើប​នគរបាល​អ្នកនាំពាក្យ​ស្នងការ​បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជា​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ឆបោក​តាម​គណនេយ្យ​ធនាគារ ដោយ​ឱ្យ​គេ​វេរ​លុយ​ចូល​គណនេយ្យ​ក្មេង​ស្រី​ខាងលើ​​ជិត​២០​លាន​រៀល ។

ហេតុការណ៍​ប្រជាពលរដ្ឋ​​ក្មេង​ចាស់​ប្រុស​ស្រី ជា​សាច់ញាតិ​របស់​ស្ត្រី​ទាំង​ពីរ​នាក់ លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ឡើង​កាលពី​វេលា​មោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃ​​លិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ស្ត្រី​ម្តាយ​និង​កូន​ទាំង​២​នាក់ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​កក្កដា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ខណៈ​កំពុង​តែ​ធ្វើ​បុណ្យសព​ម្តាយបង្កើត​របស់​ខ្លួន​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​ពីរ​នាក់​ម្តាយកូន ដែល​នគរបាល​ចាប់ខ្លួន ទី​១-ឈ្មោះ សួរ សុ​ខន អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន​ រស់នៅ​ខេត្តកំពង់ឆ្នាំង ត្រូវជា​ម្តាយ ទី​២-ឈ្មោះ សុំ សុខា អាយុ​១៧​ឆ្នាំ ត្រូវជា​កូន រស់នៅ​ជាមួយ​តា​យាយ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ សួន លាវ អាយុ​៤៦​ឆ្នាំ ត្រូវជា​បងថ្លៃ និង​ជា​អ៊ុំ​របស់​ក្មេង​ស្រី​ខាងលើ បានឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ក្មួយ​ស្រី​គាត់ មិន​ធ្លាប់​ចេញ​ទៅ​ធ្វើការ​រកស៊ី​នៅ​ខេត្ត​ណា​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ដោយ​នាង​ជា​អតីត​សិស្ស​រៀន​ថ្នាក់​ទី​៨​នៃ​អនុ​វិទ្យាល័យ​ភ្នំ​យ៉ា​ត ។ ក្រោយមក ដោយសារ​តែ​ជីវភាព​គ្រួសារ​ខ្វះខាត ទើប​នាង​ស​ម្រេ​ចចិត្ត​សុំ​លោកតា លោកយាយ លាឈប់​រៀន ហើយ​ក៏​ចូល​ទៅ​ធ្វើការ​រត់​តុ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន ដើម្បី​បង្កើន​ប្រាក់​ចំណូល​ជួយ​គ្រួសារ គឺ​ទើបតែ​ធ្វើការ​បាន​ត្រឹមតែ​រយៈពេល​២​ទៅ​៣​ខែ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ពេល​នេះ​មានរឿង​កើតឡើង ។

ប្រភព​បន្ត​ទៀត​ថា មុន​ដំបូង​​កាលពី​ពាក់កណ្តាល​ខែមិថុនា គាត់​បាន​ស្តាប់​ឮ​ក្មួយ​ស្រី និយាយ​ជាមួយ​ម្តាយ​របស់​នាង​ថា សូមកុំ​ឱ្យមក​រញ៉េរញ៉ៃ​រឿង​ឃ្យូ​អកូត (QR code) ក្នុង​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ទៀត ព្រោះ​អាច​នឹង​កើត​មាន​បញ្ហា ហើយ​ម្តាយ​ក៏​ប្រាប់​ថា កូន​ឯង​កុំ​ល្ងង់​ពេក ចាំ​ម្តាយ​ទិញ​ទូរស័ព្ទ​ឱ្យ​១​គ្រឿង​តម្លៃ​៧០០​ដុល្លារ រួច​ក៏​ស្ងាត់​ឈប់​និយាយ​គ្នា​ទៀត ហើយ​ចេញ​ទៅ​ធ្វើ​ការងារ​រៀង​ៗ​ខ្លួន​។

ស្ត្រី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា គាត់​ដឹង​រឿង​ត្រឹមតែ​ប៉ុណ្ណឹង​ទេ តែ​ក៏​សង្ស័យ​ថា ម្តាយ​របស់​នាង​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខ្ចី​លុយកាក់​អ្នក​ដទៃ​ច្រើន ហើយ​ម្ចាស់​គេ​ទារ​វិញ អត់​មាន​លុយ​សង​ជំពាក់​គេ ឬ​ក៏​ចាញ់​ល្បួង​គេ​រឿង​ករណី​ឆបោក​ណាមួយ ព្រោះ​ម្តាយ​របស់​នាង​អត់​ចេះអក្សរ​១​តួ​នោះ​ទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សែន ត្រូវជា​បង​បង្កើត​ស្ត្រី និង​ជា​អ៊ុំ​ប្រុស​របស់​ក្មេង​ស្រី​ខាងលើ​បានឱ្យ​ដឹង​ដែរ​ថា ៖ តាម​គាត់​ដឹង​ប្រហែលជា​ម្តាយ និង​កូន ចាញ់​សេចក្តី​ល្បួង​របស់​គេ ដោយ​គេ​ជា​ជន​ឆបោក បាន​វេរ​លុយ​ចូល​ក្នុង​អា​ខោ​ន​របស់​កូនស្រី​នាង ដែល​បាន​មក​ពី​ការ​បោក​បញ្ឆោត​អ្នក​ដទៃ ។ លោក​បន្ត​ទៀត​ថា ម្តាយ​របស់​ក្មួយ​ស្រី​របស់​គាត់ អត់​មាន​អត្តសញ្ញាណប័ណ្ណ​ទេ ទើប​មក​ល្បួងលួងលោម​កូនស្រី​របស់​ខ្លួន​ឱ្យ​គេ​វេ​លុយ​ចូល​ក្នុង​គណនេយ្យ លុះ​នគរបាល​ស៊ើបអង្កេត​ឃើញ ក៏​តាម​មក​ចាប់​ឃាត់ខ្លួន​បែប​នេះ​តែ​ម្តង​។ លោក​បន្ត​ទៀត​ថា ការ​ចាប់​ឃាត់ខ្លួន​នេះ ខាង​លោក​ក៏​ដូច​ជា​សាច់ញាតិ​បងប្អូន​អត់​ដឹង​រឿង​នោះ​ទេ ទើប​នាំ​គ្នា​ឆោឡោ​ទៅ​តវ៉ា​សួរនាំ​នៅ​មុខ​ស្នងការ ដើម្បី​ឱ្យ​ដឹង​រឿងហេតុ ។

លោក​បញ្ជាក់​ថា ក្មួយ​ស្រី​របស់​ខ្លួន​មិនមែន​ជា​មនុស្ស​អាក្រក់​នោះ​ទេ ដោយសារ​តែ​ជា​រៀងរាល់ថ្ងៃ នាង​ចេញពីផ្ទះ​ទៅ​រៀន លុះ​ក្រោយមក​ក៏​ឈប់​រៀន ទើបតែ​ប៉ុន្មាន​ខែ ដោយសារ​តែ​ជីវភាព​ខ្វះខាត លោក​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​នាង​ទៅ​រៀន​វិញ​ដែរ តែ​នាង​ប្រាប់​ថា រៀន​លែង​ចូល​ហើយ ព្រោះ​ឃើញ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត​ខ្លាំង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ឡាំ សា​រិ​ទ្ធ អ្នកនាំពាក្យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ខេត្តកំពត បាន​ពន្លាត​ដែនដី​របស់​ខ្លួន មក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ការ​ឆបោក​តាម​គណនេយ្យ​ធនាគារ​មួយ ដោយសារ​នគរបាល​បាន​ស្រាវជ្រាវ​ឃើញ​មានការ​បន្លំ​ធ្វើ​ជា​គណនេយ្យ​របស់​បងប្អូន​គេ ឱ្យ​វេរ​លុយ​ចូល​ក្នុង​គណនេយ្យ​នាង ។

លោក​បន្ត​ទៀត​ថា ករណី​នេះ ជា​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ការ​បោកប្រាស​នេះ មាន​ចំនួន​ប្រហែល​២​ដង សរុប​ទឹកប្រាក់ ជិត​២០​លាន​រៀល​។ លោក​បញ្ជាក់​ទៀត​ថា ពេល​នេះ នគរបាល​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​នគរបាល​ខេត្តកំពត ចាប់​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ម្តាយកូន​ទៅ​ខេត្តកំពត​ហើយ ៕