ទីក្រុងហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានដាក់ចេញវិធានការបន្ទាន់ដោយបង្កើនការត្រួតពិនិត្យជំងឺនៅតាមមូលដ្ឋានសុខាភិបាល និងរឹតបន្តឹងការធ្វើចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការហូរចូលជំងឺអ៊ីបូឡា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre News នៅថ្ងៃទី១៨ ខែឧសភានេះ។
ការឆ្លើយតបយ៉ាងរហ័សនេះធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈជាអន្តរជាតិ ជុំវិញការផ្ទុះឡើងនៃវីរុសអេបូឡាបំប្លែងថ្មីនៅក្នុងប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា។ គិតត្រឹមពេលនេះ វីរុសកំណាចដែលមានអត្រាស្លាប់ខ្ពស់រហូតដល់ ៥០% មួយនេះ បានសម្លាប់មនុស្សអស់ចំនួន ៨០ នាក់នៅកុងហ្គោ ព្រមទាំងបង្កឱ្យមានករណីសង្ស័យជាង ២០០ ករណី ខណៈដែលអ៊ូហ្គង់ដាក៏បានរកឃើញករណីឆ្លងនាំចូល និងមានអ្នកស្លាប់ម្នាក់ផងដែរ។
ទោះជាយ៉ាងណា WHO បញ្ជាក់ថាការប្រកាសអាសន្ននេះ គឺដើម្បីឱ្យបណ្តាប្រទេសនានាបង្កើនការប្រុងប្រយ័ត្ន និងស្វែងរកករណីឆ្លងឱ្យបានទាន់ពេលប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់វិវត្តទៅជាការរាតត្បាតជាសកលឡើយ។
អាជ្ញាធរសុខាភិបាលវៀតណាមបានណែនាំឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ ជៀសវាងការប៉ះពាល់ជាមួយអ្នកសង្ស័យមានជំងឺ និងបានដាស់តឿនដល់អ្នកដំណើរដែលទើបត្រឡប់មកពីតំបន់ផ្ទុះជំងឺត្រូវតាមដានសុខភាពខ្លួនឯងរយៈពេល ២១ ថ្ងៃ ហើយប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានរោគសញ្ញាខុសប្រក្រតី៕
ចែករំលែកព័តមាននេះ