ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង បានក្លាយជាចំណុចយុទ្ធសាស្ត្រ នៃទេសចរ
ណ៍អន្តរជាតិ ខណៈដែលក្បួនរថយន្តទេសចរណ៍ Caravan Tour កម្ពុជា-ចិន ក្រោមកម្មវិធី “Mekong-Lancang River FAM-Trip Discovery” បានធ្វើដំណើរមកដល់មុខសាលាខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី១៨ ខែឧសភានេះ មុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសឡាវ និងខេត្តយូណាន ប្រទេសចិន ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះទទួលស្វាគមន៍ក្បួនរថយន្តទេសចរណ៍នេះយ៉ាងកក់ក្តៅបំផុត។ ក្បួនរថយន្តនេះនឹងត្រូវឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែន ត្រពាំងក្រៀល (កម្ពុជា-ឡាវ) ដើម្បីបន្តបេសកកម្មអន្តរជាតិរបស់ខ្លួន ។
បើតាមការបញ្ជាក់ពី លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ដំណើរទស្សនកិច្ចតាមក្បួនរថយន្តជាប្រវត្តិសាស្ត្រនេះ មានរថយន្តចូលរួមប្រមាណពី ៥ ទៅ ១០ គ្រឿង ដោយចាប់ផ្តើមបេសកកម្មចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។
ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខណ្ឌយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៦” ក្រោមការសហការយ៉ាងស្អិតរមួតរវាងក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។ គោលបំណងចម្បង គឺដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល នៃ«រដូវបៃតង» (Green Season) នៅក្នុងប្រទេសកម្ពុជា។
ព្រមទាំងពង្រឹងចំណងមិត្តភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច រវាងបណ្តាប្រទេសនានាដែលរស់នៅតាមដងទន្លេមេគង្គ-ឡានឆាង ។
លើសពីការកម្សាន្ត ដំណើរទស្សនកិច្ចនេះក៏ជាការរំលឹកគុណ និងដឹងគុណទៅដល់ «ទន្លេមេគង្គ» ដែលជាប្រភពទឹកដ៏មានតម្លៃ ផ្តល់ការស្រោចស្រពដល់វិស័យកសិកម្ម និងចិញ្ចឹមជីវិតប្រជាជនរាប់លាននាក់នៅក្នុងតំបន់ផងដែរ។
បើតាមការគ្រោងទុក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ក្បួនរថយន្តទេសចរណ៍ដដែលនេះ នឹងធ្វើដំណើរវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិខេត្តស្ទឹងត្រែង ហើយបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដែលជាទឹកដីវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា ៕




ចែករំលែកព័តមាននេះ