អាជ្ញាធរខេត្តប៉ៃលិន បន្តពិនិត្យតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឆ្មក់បង្ក្រាបបទល្មើសឆបោកអនឡាញ ឃាត់ខ្លួនជនជាតិចិន០៧នាក់
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យថា មានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុក្រឹត្យលេខ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ។
ប្រភពព័ត៌មានបានឱ្យដឹងថា ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹង នៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី។
បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិន បន្តចុះពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ បានរកឃើញទីតាំងមួយកន្លែង សង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន ៖ កុំព្យូទ័រ ALL in ONE ចំនួន១៨គ្រឿង,MONITER ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន១៤៧ គ្រឿង, CPU ចំនួន៣គ្រឿង, អាគុយទប់ភ្លើង ចំនួន២គ្រឿង, តុ ចំនួន១១តុ, ស៊ីមស្មាត ចំនួន១៣ស៊ីម, និងអត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ១សន្លឹក ហើយសូមរំលឹកផងដែរថាទីតាំងនេះកន្លងមក បានកាត់ផ្តាច់ប្រព័ន្ធខ្សែកាបអុបទិចអ៊ីនធើណែត ប៉ុន្តែជនសង្ស័យបានប្រើប្រាស់ស៊ីមកាតជំនួសវិញ ៕











ចែករំលែកព័តមាននេះ