ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​អារឈើ​ខុសច្បាប់ ត្រូវ​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី បង្ក្រាប​ដកហូត​ក្តារ​ជាង១០០​សន្លឹក និង​រក​ឃើញ​គល់ឈើ​ធំ​ៗ​ជិត ២០​គល់

15 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ ទោះជា​ត្រូវ​ឆ្លងកាត់​ផ្លូវ​លំបាក​យ៉ាងណា​ក៏​ដោយ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ភ្នាក់ងារ​សហគមន៍ នៅ​តែ​បន្ត​យុទ្ធនាការ​ចុះ​ល្បាត​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ នៅ​ក្នុងភូមិ​សាស្ត្រ​ការពារ ​។​ជាក់ស្តែង…

ខេត្តមណ្ឌលគិរី ៖ ទោះជា​ត្រូវ​ឆ្លងកាត់​ផ្លូវ​លំបាក​យ៉ាងណា​ក៏​ដោយ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ភ្នាក់ងារ​សហគមន៍ នៅ​តែ​បន្ត​យុទ្ធនាការ​ចុះ​ល្បាត​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ នៅ​ក្នុងភូមិ​សាស្ត្រ​ការពារ ​។
​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ភ្នំ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​កែវ​សីមា ព្រមទាំង​ភ្នាក់ងារ​ល្បាត​សហគមន៍ បាន​រួម​គ្នា​ចុះ​បំពេញបេសកកម្ម​ល្បាត​យ៉ាង​សកម្ម នៅ​ចំណុច​អូរ​អង្កាល់ ស្ថិត​ក្នុងភូមិ​ឡាំ​ម៉េះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​ ។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​រុករក​នេះ ក្រុមការងារ​ជំនាញ​បាន​ប្រទះ​ឃើញ​សកម្មភាព​ល្មើសច្បាប់​មួយ​កន្លែង ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចលាក់​កាប់​រំលំ​ឈើ​ប្រភេទ «​ឈើទាល​» រួច​អារជ្រៀក​ធ្វើ​ជា​ក្តារជញ្ជាំង​ផ្ទះ ​បាន​ចំនួន ១២០​សន្លឹក (​មាន​ខ្នាត​មុខកាត់ ០.២០​ម៉ែត្រ គុណ ៣.៥​ម៉ែត្រ គុណ ៣.៥​ម៉ែត្រ​) នៅ​ត្រង់​ចំណុច​មាត់​អូរ ដែល​ជា​តំបន់​ដាច់​ស្រយាល និង​មាន​ផ្លូវ​ធ្វើ​ដំណើរ​លំបាក​ខ្លាំង​ ។

លោក ហាស់ វិបុល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ពិនិត្យ និង​រុករក​ជុំវិញ​បរិវេណ​ទីតាំង​កើតហេតុ ក្រុមការងារ​បាន​រក​ឃើញ និង​ធ្វើការ​រាប់​គល់ឈើ​ទាល​ដែល​រង​ការ​កាប់​បំផ្លាញ មាន​ចំនួន​រហូត​ដល់ ១៩​គល់ ដែល​សុទ្ធសឹងតែ​ជា​ឈើ​មាន​អាយុកាល​ច្រើន​ឆ្នាំ ដោយ​មានមុខ​កាត់​ធំ​ៗ​ចាប់ពី ៥០​សង់ទីម៉ែត្រ ទៅ​ដល់ ១០០​សង់ទីម៉ែត្រ (១​ម៉ែត្រ​)​។ នៅ​ក្នុង​ពេល​កំពុង​អនុវត្ត​ប្រតិបត្តិការ​នោះ ក្រុម​កម្លាំង​ជំនាញ​ពុំ​បាន​ជួប​ប្រទះ ឬ​ឃាត់ខ្លួន​ជនសង្ស័យ​ឡើយ ដោយ​ពួក​គេ​បានដឹង​ខ្លួន និង​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។​ក្រុម​កម្លាំង​ល្បាត​ចម្រុះ​បាន​ធ្វើការ​រុះរើ និង​កម្ទេច​ចោល​នូវ​រោង​ស្នាក់​នៅ​ខុសច្បាប់​របស់​ក្រុម​ជនល្មើស​ចំនួន ០១​ទីតាំង ដែល​ពួក​គេ​បាន​សង់​ឡើង​សម្រាប់​ជ្រកកោន​ធ្វើ​សកម្មភាព​អារឈើ​។ ចំពោះ​វត្ថុ​តាង​ក្តារជញ្ជាំង​ឈើទាល​ទាំងអស់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត និង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ