រាជធានីភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទឈប់ឱ្យប្រើប្រាស់ផ្លូវវាងក្រាលដីល្បាយថ្ម និងការបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេត៍ឆ្លងកាត់ស្ទឹងមេទឹក ស្ថិតនៅវាលវែង ខេត្តពោធិ៍សាត់។

បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានទឹកហូរខ្លាំងបណ្តាលឱ្យផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ១៧១+៦៩៧ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ផ្តើមហូរច្រោះបាក់ស្រុត និងលែងធ្វើចរាចរណ៍បាន ។
ជាមួយគ្នានេះដែរ ការងារជួសជុលពង្រឹងស្ពានដែកបេឡេត៍ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានបញ្ចប់ការងាររួចរាល់ ។ ដើម្បីធានាសុវត្ថិភាពជូនសាធារណជន និងបង្ការហានិភ័យដែលអាចកើតមានជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ សូមជូនដំណឹងពីការឈប់ឱ្យធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹកចាប់ពីពេលនេះតទៅ នឹងបើកឱ្យធ្វើចរាចរណ៍លើស្ពានដែកបេឡេតិ៍ជំនួសវិញ ។

ប្រភពដដែលក៏បានណែនាំប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមេត្តាបង្កើនការប្រុងប្រយ័ត្ន គោរពតាមច្បាប់ចរាចរណ៍ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ ៕
ចែករំលែកព័តមាននេះ