ខេត្តកំពត ៖ មន្ត្រីនគរបាលក្រុងកំពតម្នាក់ឈ្មោះ ទេព សុខផេង ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទប្រើហិង្សាគប់កែវស្រាលើបុគ្គលិកចាប់ទឹកកកឱ្យរងរបួស ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនារសៀលថ្ងៃទី២៤ ខែមេសានេះថា៖ មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកក បណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានបន្តថា មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៌ល្អ ជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀកៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សម្រាប់មន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត មិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត ក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្វើរបាយការណ៍និងសំណើរទៅឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះ ទេព សុខផេង នេះចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ