រាជធានីភ្នំពេញ៖ បុរសម្នាក់មានប្រពន្ធនិងកូនទៅហើយ តែមិនគិតខំប្រឹងធ្វើការរកសុីនិងគេនោះទេ បែរជាប្រើប្រាស់គ្រឿងញៀនរយៈពេលជិត១ឆ្នាំមកហើយ ទោះជាប្រពន្ធនិងម្ដាយនិយាយណែនាំក៏មិនស្ដាប់ និងមិនព្រមឈប់ប្រព្រឹត្តដែរ ។ ចំណែកស្ត្រីជាប្រពន្ធវិញនៅពេលដឹងថាប្ដីចាប់ផ្ដើមប្រើគ្រឿងញៀនដំបូង ក៏នាងមិនបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយចាត់វិធានការទប់ស្កាត់នោះដែរ ហើយទីបំផុតប្ដីក៏បែកថ្នាំហើយប្រច័ណ្ឌប្រពន្ធជាមួយអ្នកផ្សេង បន្ទាប់មកបានអុកឡុករហូតប្រពន្ធមិនហ៊ាននៅជាមួយ នាងគេចទៅនៅជួលផ្ទះនៅផ្សេង ។ ពេលនោះបុរសខាងលើកបានជិះម៉ូតូកាន់ដំបងដែកទីបពេញភូមិ ព្រមទាំងដើរចុះឡើងៗ ធ្វើឲ្យអ្នកភូមិភ័យខ្លាច ក៏ប្ដឹងនគរបាលឲ្យឃាត់ខ្លួន ប៉ុន្តែពេលឃាត់បានហើយ ស្រាប់តែជននោះមានកម្លាំងខ្លាំងដូចដំរីរើបម្រាស់រួចពីកណ្ដាប់ដៃនគរបាលវិញ រួចកាន់កាំបិតរត់ពេញភូមិតែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសញៀនថ្នាំនោះឈ្មោះវ៉ន ប្រុសពៅ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានទីលំនៅអចិន្ត្រៃយ៍ នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ស្ត្រីជាប្រពន្ធបាននិយាយថា ប្ដីនាងនេះបានប្រើប្រាស់គ្រឿងញៀនរយៈពេលជិត១ឆ្នាំមកហើយ ទោះជានាងនិងម្ដាយនិយាយណែនាំច្រើនលើកច្រើនសារមកហើយ ក៏មិនស្ដាប់ និងមិនព្រមឈប់ប្រព្រឹត្តឡើយ ។ ដោយឡែករយៈពេល១អាទិត្យចុងក្រោយនេះ គឺប្ដីបានទិញថ្នាំញៀនយកមកជក់នៅក្នុងបន្ទប់ជួលដែលកំពុងស្នាក់នៅជាមួយនាងនោះតែម្ដង បន្ទាប់មកក៏ស្រាប់តែបែកថ្នាំហើយបានរករឿងអុកឡុកនិងប្រច័ណ្ឌរូបនាងជាមួយប្រុសផ្សេង និងជិះម៉ូតូកាន់ដែកបំពង់ទីបពេញភូមិ ។
ស្ត្រីជាប្រពន្ធបាននិយាយប្រាប់ឲ្យដឹងបន្តទៀតថា ដោយសារតែមានការភ័យខ្លាចប្ដីវាយធ្វើបាបនិងសម្លាប់ចោល នាងក៏បានលួចរត់ចេញទៅជួលផ្ទះមួយកន្លែងទៀតផ្សេងទៀតស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣នោះដែរ ស្នាក់នៅម្នាក់ឯង បណ្ដោះអាសន្នបានរយៈពេល២ថ្ងៃហើយ ។ រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្ដីយកដំបងដែកបំពង់ទីបវាយបំផ្លាញម៉ូតូខ្លួនឯង១គ្រឿង បណ្ដាលឲ្យរងការខូចខាត និងបង្កឲ្យអ្នកភូមិមានការភ័យខ្លាច ក៏ប្ដឹងនគរបាលឲ្យចុះទៅឃាត់ខ្លួនប្ដីនាងតែម្ដង ។
ប្រជាពលរដ្ឋបាននិយាយថា បុរសនោះបានជិះម៉ូតូកាន់ដែកបំពង់ទីបអុកឡុកពេញភូមិនិងបានវាយបំផ្លាញម៉ូតូខ្លួនឯង មើលទៅគួរឲ្យខ្លាចខ្លាំងណាស់ ហើយដោយខ្លាចជននោះបង្កគ្រោះថ្នាក់ដល់ពួកគាត់ និងកូនចៅពួកគាត់ផងនោះ ទើបពួកគាត់រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ ។ ពេលទៅដល់នគរបាលច្រើននាក់ រួមទាំងស្ត្រីជាប្រពន្ធផងបាននាំគ្នាចាប់ខ្លួនជននោះបានហើយ ប៉ុន្តែជននោះមានកម្លាំងដូចដំរី បានរើបម្រាស់រួចពីកណ្ដាប់ដៃនគរបាល រួចបោះដំបងដែកបំពង់ទីបចោល និងរត់ចូលទៅក្នុងផ្ទះអ្នកភូមិ មួយកន្លែងហើយបានយកកាំបិតចិតបន្លែនិងកាំបិតបុ័ងតោនៅក្នុងផ្ទះនោះចំនួន៤ដើម កាន់រត់ចូលទៅក្នុងរោងចក្រកាតុងមួយកន្លែងនៅក្បែរនោះទៀត ។
ប្រជាពលរដ្ឋបាននិយាយប្រាប់បន្ថែមទៀតថា ពេលនោះបង្កការភ្ញាក់ផ្អើលដល់កម្មកររោងចក្រខាងលើ នាំគ្នាជួយចាប់ដកយកកាំបិតចេញ និងឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ដែលកំពុងតែដេញតាមឃាត់ជននោះស្រាប់ រួចនគរបាលក៏នាំជនញៀនថ្នាំខាងលើយកទៅកាន់ប៉ុស្តិ៍ចោមចៅទី៣ ។ ខណៈនោះដែរស្ត្រីជាប្រពន្ធបានសំណូមពរឲ្យនគរបាលជួយបញ្ជូនប្ដីខ្លួនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន ប៉ុន្តែនគរបាលពុំទាន់សម្រេចថាតើត្រូវចាត់ការលើបុរសនោះបែបណានៅឡើយទេ ៕










ចែករំលែកព័តមាននេះ