ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​ឆន្ទៈ​ដ៏​រឹង​មាំ ​និង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ព្រមទាំង​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្ហាញ​ឆន្ទៈ​ដ៏​រឹង​មាំ ​និង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ព្រមទាំង​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង ក្នុង​ការ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អត់ឱន​ ។…

រាជធានី​ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្ហាញ​ឆន្ទៈ​ដ៏​រឹង​មាំ ​និង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ព្រមទាំង​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង ក្នុង​ការ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អត់ឱន​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពីការ​ប្តេជ្ញា​ចិត្ត​ និង​សកម្មភាព​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦​ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ជា​អាទិភាព​ខ្ពស់​មួយ ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ នឹង​សន្តិសុខ​សង្គម សុវត្ថិភាព​ប្រជាពលរដ្ឋ និង​កិត្តិយស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។ ចាប់តាំងពី​អាណត្តិ​ទី​៦ ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បន្ត​ដល់​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំរបស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​ បាន​បង្ហាញ​ឆន្ទៈ​ដ៏​រឹង​មាំ ​និង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ព្រមទាំង​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង ក្នុង​ការ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អត់ឱន និង​ប្រកបដោយ​ភាព​ម៉ឺង​មាត់​បំផុត តាម​រយៈ​សកម្មភាព​ការងារ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ស​ម្តេច​មហា​បវរ​ធិ​បតី​ នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី ក្រោម​ឱវាទ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​ដល់ ឫសគល់​ដោយ​មិន​មានការ​បង្អែបង្អង់ មិន​អត់ឱន និង​មិន​លើកលែង​ឡើយ​។ គោលដៅ​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល មិន​ត្រឹមតែ​បង្ក្រាប​តាម​ករណី​នីមួយ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំផ្លាញ​បណ្តាញ​ឧក្រិដ្ឋកម្ម​ទាំងមូល ដកហូត​សមត្ថភាព​ប្រតិបត្តិការ កាត់​ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ និង​បិទ​ច្រក​ប្រតិបត្តិការ​ទាំងអស់ ដើម្បី​បញ្ឈប់​បញ្ហា​នេះ ឱ្យ​បាន​ជាក់ស្តែង និង​យូរអង្វែង​។ នេះ​បង្ហាញ​ថា កម្ពុជា​មិនមែន​ជា​គោលដៅ​ឧក្រិដ្ឋកម្ម​ទេ ប៉ុន្តែ​ជា​ប្រទេស​ដែល កំពុង​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​តឹង​រឹង និង​សកម្ម​បំផុត​មួយ​ក្នុង​តំបន់ ​។

ឆន្ទៈ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈការ​ដាក់​ចេញ​ផែនការ និង​យុទ្ធនាការ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស ​។

ប្រភព​បាន​បញ្ជាក់​ថា ​៖ “​ចាប់តាំងពី​ខែ កក្កដា ឆ្នាំ​២០២៥ ដល់​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៦​នេះ ពោល​គឺ​ក្នុង​រយៈពេល​ជាង ៩​ខែ​ចុង​ក្រោយ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ក្នុង​រាជធានី​-​ខេត្ត បានបំពេញ​បេសកកម្ម​បង្ក្រាប​អំពើ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ចំនួន​ជាង ២៥០​ករណី ដោយ​ក្នុង​នោះ​មានការ​បង្ក្រាប​ទីតាំង​កាស៊ីណូ​ចំនួន ៩១​ទីតាំង និង​បាន​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចំនួន ១១២​ករណី ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ចំនួន​ប្រមាណ ១,០៨៩​នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន ថៃ វៀតណាម ជប៉ុន កូរ៉េ​ខាងត្បូង សិង្ហ​បុរី និង​ខ្មែរ​”​ ។

បន្ថែម​ពីលើ​នេះ ចាប់ពី​ដើមឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ សមត្ថកិច្ច​កម្ពុជា​ បាន​អនុវត្ត​នីតិវិធី​បណ្ដេញ​ជនបរទេស ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សរុប​ចំនួន ១៣,០៣៩​នាក់ មាន ៣៣​សញ្ជាតិ ក្នុង​នោះ​មាន​ស្ត្រី ចំនួន ១,៥០៩​នាក់ ​។

គិត​ចាប់ពី​ពាក់កណ្តាល​ខែមករា ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ ជនបរទេស​ ដែលស្ម័គ្រចិត្ត​ចាក​ចេញពី​ប្រទេស​កម្ពុជា​មាន​សរុប​ចំនួន ២៤១,៨៨៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន វៀតណាម ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា បង់​ក្លា​ដែ​ស និង​ប៉ា​គី​ស្ថាន ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​លើក​ឡើង​ថា ​ដើម្បី​ឱ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ មាន​ប្រសិទ្ធភាព និង​សង្គតិភាព រាជរដ្ឋាភិបាល​បាន​បង្កើត​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ជា​ច្រើន​ដើម្បី​ធានា​ថា ការ​អនុវត្ត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រព្រឹត្ត​ទៅ ដោយ​ត្រឹមត្រូវ​តាម​នីតិវិធី និង​គ្មាន​ការ​ខ្វះចន្លោះ​។ កម្រង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​បាន​ដាក់​ចេញ មាន​ដូច​ជា ៖ ១. ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) មាន​គោលដៅ​សំខាន់​គឺ​បំពេញ​ចន្លោះ​ប្រហោង​តាម​រយៈ​ការ​បង្កើត​បទល្មើស ព្រហ្មទណ្ឌ​ថ្មី​ចំនួន​៥ និង​បង្កើន​ទោស​ធ្ងន់​ជាង​មុន​ដើម្បី​ធានា​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ទ្រង់ទ្រាយ បែប​នេះ​នឹង​មិន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ។ ២. បទបញ្ជា​ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ៣. អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ និង ៤. ប្រកាស​អន្តរក្រសួង​ស្តី​ពី បែបបទ និង​នីតិវិធី​នៃ​ការ​ផាកពិន័យ​ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ ។

ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដែល​មាន​លក្ខណៈ​ឆ្លង​ដែន រាជរដ្ឋាភិបាល​កម្ពុជា បាន​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ អង្គការ​អន្តរជាតិ និង​យន្តការ ពហុភាគី​ពាក់ព័ន្ធ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន និង​បច្ចេកទេស​រួម​គ្នា​។ កម្ពុជា​បាន​សហការ​យ៉ាង​សកម្ម​ក្នុង​ការ​ស្រាវជ្រាវ បង្ក្រាប និង​បញ្ជូន​ជនសង្ស័យ ព្រមទាំង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ដែល​ពាក់ព័ន្ធ​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​តាម ប្រព័ន្ធ​បច្ចេកវិទ្យា​។ ការ​ចូលរួម​យ៉ាង​សកម្ម​នេះ​បង្ហាញ​ថា កម្ពុជា​មិន​ត្រឹមតែ​ការពារ​ផលប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​យ៉ាង​ទូលំទូលាយ ក្នុង​ការ​ពង្រឹង​សន្តិ សុខ​ឌី​ជី​ថ​ល​ក្នុង​តំបន់​ និង​សកលលោក​ ។

រាជរដ្ឋាភិបាលកម្ពុជា សូម​អំពាវនាវ​ឱ្យ​មានការ​សហការ​ពី​អន្តរជាតិ​បន្ថែម ដោយ​ផ្អែក​លើ​គោលការណ៍​ទំនួល​ខុស​ត្រូវ​រួម និង​ការ​ចែក រំលែក​ព័ត៌មាន​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ជា​បញ្ហា​រួម​របស់​តំបន់ ​។

ជាក់ស្តែង ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី បាន កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ធ្វើ​ការងារ យ៉ាង​សកម្ម ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដោយ​សម្រេច​បាន​លទ្ធផល​ធំ​ៗ ជា​ច្រើន​។ ទន្ទឹម​នឹង​នេះ សម្តេច​ធិ​បតី ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច និង​កងកម្លាំង​ពាក់ព័ន្ធ ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​នេះ ដោយ​គ្មាន​បង្អង់​ដៃ​ឡើយ ​។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ច្បាប់​មាន​ហើយ ដូច្នេះ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ម៉ត់ចត់ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​មិន​បន្តរ​ដៃ និងរ​ដោយ​គ្មាន​ការ លើកលែង​ឡើយ ពោល​គឺ​មិន​បញ្ឈប់​ត្រឹម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ ដូចដែល​មាន​មតិ​មួយ​ចំនួន បាន​លើក​ឡើង​នោះ​ឡើយ​ ។

រាជរដ្ឋាភិបាល​កម្ពុជា​ សូម​បញ្ជាក់​ជា​ថ្មី​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជាការ​ប្រយុទ្ធ​ប្រឆាំង​រយៈពេល​វែង ដែល​ត្រូវការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ឱ្យ​សាធារណជន និង​សហ គម​ន៍​អន្តរជាតិ មេត្តា​ទទួលស្គាល់ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង យ៉ាង​សកម្ម និង​ជាក់ស្តែង​របស់​កម្ពុជា ក្នុង​ការ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ