រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទូរស័ព្ទសួរប្រពន្ធដែលទើបនឹងសែនព្រេនជាមួយគ្នា បានរយៈពេល៣ខែមុនថា កំពុងនៅឯណា ប្រពន្ធប្រាប់ថា កំពុងនៅជាមួយអតីតប្ដីដើម ជាហេតុធ្វើឲ្យបុរសនោះផ្ទុះភ្លើងប្រចណ្ឌឆេះភ្លាម និងខឹងសម្បាយ៉ាងខ្លាំង ។

លុះថ្ងៃបន្ទាប់ ខណៈប្រពន្ធកំពុងដេកក្នុងបន្ទប់ បុរសជាប្ដីក្រោយ ក៏បានយកកាំបិតបុ័ងតោកាប់ប្រហារស្ត្រីជាប្រពន្ធទាំងកំរោល ប៉ងសម្លាប់ចោល ប៉ុន្តែត្រូវបានកូនៗរបស់នាង២នាក់ រួមទាំងកូនប្រសាបានជួយទាន់ ទើបមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ។
បន្ទាប់មកបុរសនោះបានបិទទ្វារបន្ទប់ខ្ទាស់គន្លឹះខាងក្នុង រួចបង្ហូរប្រេងសាំងពីបេនម៉ូតូប៉ងដុតសម្លាប់ទាំងប្រពន្ធ ទាំងកូនចុង កូនប្រសា និងខ្លួនឯងថែមទៀត តែត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោជួយអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ខ្លួនបុរសកំណាចរូបនេះនាំទៅសួរនាំ និងចាត់ការតាមច្បាប់តែម្ដង ។ នេះបើតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសដែលជាជនដៃដល់ខាងលើឈ្មោះ ប៉ែន សុីណាត អាយុ៤០ឆ្នាំ មុខរបរជាងកញ្ចក់ ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សុឹម គឹមរស់ អាយុ៣៦ឆ្នាំ រងរបួសក្បាលធ្ងន់ធ្ងរ ហេីយអ្នកទាំងពីរស្នាក់នៅកន្លែងកេីតហេតុខាងលើ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្ដីប្រពន្ធ១គូនេះ ទើបតែយកគ្នាជាប្ដីប្រពន្ធបានរយៈពេល៣ខែប៉ុណ្ណោះ ដោយមិនបានរៀបការត្រឹមត្រូវនោះទេ គឺបានត្រឹមតែសែនព្រេនប៉ុណ្ណោះ ដោយនាងជាប្រពន្ធជាស្ត្រីមេម៉ាយកូន២នាក់ និងបានលែងលះប្ដី ។ ចំណែកបុរសនោះ មិនទាន់ដឹងពីប្រវត្តិពិតនៅឡើយទេ ។ ដោយឡែកកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាងជាប្រពន្ធបានទៅដើរលេងជាមួយអតីតប្ដីមុន ហើយពេលបាត់មិនឃើញប្រពន្ធ បុរសជាជនដៃដល់(ប្ដីចុង) ខាងលើ បានទូរស័ព្ទសួរថា កំពុងនៅឯណា ? ពេលនោះនាងប្រាប់ថា កំពុងដើរលេងជាមួយអតីតប្ដី គឺនាងបាននិយាយត្រង់ៗ អត់មានចេះភូតកុហកឡើយ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ក្រោយពេលបានឮបែបនេះ បានធ្វើឲ្យបុរសនោះផ្ទុះកំហឹង និងប្រចណ្ឌយ៉ាងខ្លាំង លុះដល់ព្រឹកថ្ងៃកើតហេតុ ខណៈនាងជាប្រពន្ធកំពុងដេក ស្រាប់តែបុរសនោះ យកកាំបិតបុ័ងតោកាប់ទាំងកំរោល ប៉ុនប៉ងផ្ដាច់ជីវិតតែម្ដង ប៉ុន្តែត្រូវបានកូនៗរបស់ប្រពន្ធ២នាក់ និងកូនប្រសាម្នាក់ជួយទាន់ ។ តែកំហឹងមិនរលត់ បុរសនោះបានបិទទ្វារផ្ទះខ្ទាស់គន្លឹះពីខាងក្នុង ហើយបង្ហូរប្រេងសាំងពីបេនម៉ូតូប៉ងដុតសម្លាប់ទាំងប្រពន្ធ ទាំងកូនចុង និងកូនប្រសា ព្រមទាំងខ្លួនឯងថែមទៀត តែត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ទទួលដំណឹងបានរហ័ស និងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា ។
ប្រភពដដែលបានបញ្ជាក់ថា ពេលនោះនគរបាលបានឃាត់ខ្លួនបុរសនោះ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់ ។ ចំណែកស្ត្រីជាប្រពន្ធ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ។ ព័ត៌មានខាងលើនោះ គ្រាន់តែជាការសារភាពត្រួសៗពីខាងជនដៃដល់ជាប្ដីតែម្ខាងប៉ុណ្ណោះ ។ ចំណែកឯការពិត ឬមិនពិតបែបណានោះ រង់ចាំការបំភ្លឺប្រាប់បន្ថែមទៀតពីខាងភាគីស្ត្រីជាប្រពន្ធនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ