រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយជាថវិកាចំនួន ១.៥លានដុល្លារអូស្ត្រាលី គាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើង នូវសហគមន៍តាមបណ្តោយព្រំដែនរងផលប៉ះពាល់ ដោយសារសង្គ្រាមកម្ពុជា-ថៃ នាពេលកន្លងមក ។
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្ត្រាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ។
ក្នុងជំនួបនោះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តនូវ “គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥” ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ដល់កិច្ចការបោសសម្អាតមីន និងការគិតគូរជួយដល់ជនរងគ្រោះថ្នាក់និងការស្តារកាយសម្បទា នៅប្រទេសកម្ពុជា ។
ជាងនេះទៅទៀត ឯកឧត្តម Derek Yip បានបញ្ជាក់ពីការផ្តល់ជំនួយជាថវិកាចំនួន ១.៥លានដុល្លារអូស្ត្រាលី គាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើងនូវសហគមន៍តាមបណ្តោយព្រំដែនរងផលប៉ះពាល់ ដោយសារសង្គ្រាមកម្ពុជា-ថៃ នាពេលកន្លងមក ។
តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះប្រទេសអូស្ត្រាលី គឺជាដៃគូមួយយ៉ាងសំខាន់ យូរអង្វែង និងរឹងមាំ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជា រយៈពេលជាង៣០ឆ្នាំ មកនេះ ជាពិសេសតាមរយៈគម្រោងបោស សម្អាតមីនដើម្បីលទ្ធផល។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណដល់ប្រទេសអូស្ត្រាលី ដែលបានជួយគាំទ្រដល់ការរៀបចំគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ ២០២៦-២០៣៥ រួមទាំងថ្មីៗនេះ បានជួយគាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយសារសង្គ្រាមកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងគាំទ្រដល់សហគមន៍រងគ្រោះនៅតាមព្រំដែន ផងដែរ។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិ បាល កម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យប្រទេសអូស្ត្រាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ជាពិសេ សតាមរយៈគម្រោងបោស សម្អាតមីនដើម្បីលទ្ធផល ដើម្បីឱ្យប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ៕


ចែករំលែកព័តមាននេះ