ទីក្រុងយេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ប្រកាសថាលោកបានព្យាបាលជំងឺមហារីកប្រូស្តាតដំណាក់កាលដំបូងជាសះស្បើយទាំងស្រុងហើយ។ លោកថ្លែងដោយខ្លីតែត្រឹមនេះដោយមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើការព្យាបាលនោះធ្វើឡើងនៅពេលណាទេ។ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមទន្ទឹមនឹងពេលដែលរបាយការណ៍ប្រចាំឆ្នាំស្ដីពីសុខភាពរបស់លោកក៏ត្រូវបានគេផ្សព្វផ្សាយផងដែរ។

លោកណឺតាន់យ៉ាហ៊ូដែលសព្វថ្ងៃនេះមានវ័យ៧៦ឆ្នាំថ្លែងថាគ្រូពេទ្យបានវះកាត់ដុំសាច់កាច (malign) ដែលទើបតែកកើតដំណាក់កាលដំបូងចេញពីក្នុងខ្លួនរបស់លោក។ លោកថ្លែងថាការព្យាបាលនោះបានលុបបំបាត់នូវអ្វីដែលជាឧបសគ្គចេញអស់ហើយ ហើយឥឡូវនេះគ្មានអ្វីជាបញ្ហាតទៅទៀតទេ។ យោងតាមរបាយការណ៍សុខភាពនោះ លោកណឺតាន់យ៉ាហ៊ូមានសុខភាពល្អ។ លោកបានឆ្លងកាត់ការព្យាបាលដោយប្រើប្រាស់កាំរស្មីដើម្បីកម្ចាត់ដុំមហារីកប្រូស្តាតដំណាក់កាលដំបូង។

ទាំងរបាយការណ៍សុខភាព និងលោកណឺតាន់យ៉ាហ៊ូមិនបានបញ្ជាក់ថាការព្យាបាលនោះបានធ្វើឡើងនៅពេលណាទេ។ មេដឹកនាំអ៊ីស្រាអែលដែលកាន់អំណាចយូរជាងគេរូបនេះអះអាងថាលោកបានពន្យារពេលចេញផ្សាយរបាយការណ៍ស្ដីពីសុខភាពរបស់លោករយៈពេល២ខែដើម្បីកុំឱ្យអ៊ីរ៉ង់បំផុសបំផុលព័ត៌មានឃោសនាអកុសលប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។ កាលពីខែមីនា នៅពេលអ៊ី ស្រា អែល និងអ៊ីរ៉ង់កំពុងជាប់ដៃវាយប្រហារគ្នាយ៉ាងពេញបន្ទុក មានពាក្យចចាមអារ៉ាមថាលោកណឺតាន់យ៉ាហ៊ូស្លាប់។

ដំណឹងនេះត្រូវគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងនៅតាមសារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់។ ដើម្បីបន្សាបព័ត៌មាននេះ លោកណឺតាន់យ៉ាហ៊ូបានថតរូបភាពខ្លួនឯងដើរទស្សនាហាងកាហ្វេនៅទីក្រុងយេរូសាឡឹម។ លោកណឺតាន់យ៉ាហ៊ូធ្លាប់វះកាត់ក្រពេញប្រស្តាតកាលពីឆ្នាំ២០២៤បន្ទាប់ពីគ្រូពេទ្យរកឃើញមានការឆ្លងមេរោគនៅតាមប្រព័ន្ធបង្ហួរនោមដោយសារការរីកក្រពេញប្រូស្តាត៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ