ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ! មេដឹកនាំអ៊ីស្រាអែលទើបវះកាត់ដុំសាច់មហារីកចេញ ដើម្បីត្រៀមខ្លួនចរចាសន្តិភាព

2 នាទី មុន

ប្រទេសអ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ​បានប្រកាសជាសាធារណៈ នៅថ្ងៃសុក្រនេះថា រូបលោកទើបតែបានបញ្ចប់ការព្យាបាលដុំសាច់មហារីកក្រពេញប្រូស្តាតក្នុងដំណាក់កាលដំបូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤…

ប្រទេសអ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ​បានប្រកាសជាសាធារណៈ នៅថ្ងៃសុក្រនេះថា រូបលោកទើបតែបានបញ្ចប់ការព្យាបាលដុំសាច់មហារីកក្រពេញប្រូស្តាតក្នុងដំណាក់កាលដំបូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមេសានេះ។

ក្នុងវ័យ ៧៦ ឆ្នាំ លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានរកឃើញដុំសាច់មហារីកតូចមួយដែលមានទំហំមិនដល់ ១ សង់ទីម៉ែត្រផង ក្នុងអំឡុងពេលតាមដានសុខភាពជាប្រចាំ បន្ទាប់ពីការវះកាត់ក្រពេញប្រូស្តាតកាលពីឆ្នាំ ២០២៤។

មេដឹកនាំអ៊ីស្រាអែលរូបនេះបានពន្យល់ថា លោកបានសម្រេចចិត្តពន្យារពេលបញ្ចេញរបាយការណ៍សុខភាពប្រចាំឆ្នាំនេះ ដោយសារលោកមិនចង់ឱ្យព័ត៌មាននេះចេញផ្សាយចំពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងបំផុត ព្រោះលោកបារម្ភថាទីក្រុងតេហេរ៉ង់នឹងប្រើប្រាស់បញ្ហាសុខភាពរបស់លោក ដើម្បីផ្សព្វផ្សាយ “ព័ត៌មានមិនពិត” វាយប្រហារមកលើអ៊ីស្រាអែល។ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នបញ្ហាសុខភាពនេះត្រូវបានដោះស្រាយទាំងស្រុង និងមិនមានសេសសល់ដានអ្វីឡើយ ដោយលោកប្រៀបធៀបថា៖ «នៅពេលខ្ញុំទទួលបានព័ត៌មានពីគ្រោះថ្នាក់ដែលនឹងអាចកើតមាន ខ្ញុំចង់ដោះស្រាយវាភ្លាមៗ មិនថាជាបញ្ហាជាតិ ឬបញ្ហាផ្ទាល់ខ្លួននោះទេ»។

ការទម្លាយអាថ៌កំបាំងសុខភាពនេះ កើតឡើងចំពេលដែលលោក នេតាន់យ៉ាហ៊ូ ត្រៀមធ្វើដំណើរទៅកាន់សេតវិមានក្នុងសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែលមានអាម៉េរិកជាអ្នកសម្របសម្រួល។ ស្របពេលជាមួយគ្នានេះ កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុម Hezbollah នៅក្នុងប្រទេសលីបង់ ក៏ត្រូវបានពន្យារពេលបន្ថែមចំនួន ៣ សប្តាហ៍ទៀតផងដែរ ដើម្បីទុកឱកាសឱ្យការចរចាបន្តទៅមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ