ទីក្រុងបេរូត៖ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបន្តសុពលភាពបីសប្ដាហ៍នៅពេលដែលសភាពការណ៍នៅច្រកហ័រម៉ូសកាន់តែឡើងកម្ដៅ។ យោធាអ៊ីស្រាអែលប្រកាសនៅថ្ងៃនេះថាខ្លួនបានវាយប្រហារទីតាំងជាច្រើនកន្លែងរបស់ក្រុមហេសបូឡានៅលីបង់ភាគខាងត្បូងបន្ទាប់ពីពួកគេបន្តបាញ់ប្រហារចូលក្នុងទឹកដីអ៊ីស្រាអែលទោះបីកាលពីមួយថ្ងៃមុននោះ លោកត្រាំប្រកាសថាភាគីទាំង២បានឯកភាពគ្នាបន្តសុពលភាពបទឈប់បាញ់រយៈពេលបីសប្ដាហ៍ទៀតយ៉ាងណាក្ដី។

ការប្រកាសបន្តសុពលភាពនេះធ្វើឡើងនៅសេតវិមានកាលពីយប់មិញ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ក៏មានវត្តមាននៅក្នុងឱកាសនោះផងដែរ។ ប៉ុន្តែក្រុមហេសបូឡាមិនបានចូលរួមនៅក្នុងការចរចាគ្នានោះទេ។ តាមពិត បទឈប់បាញ់នេះគ្រាន់តែក្រឡេកមើលពីសម្បកក្រៅក៏អាចវាយតម្លៃបានថាពោរពេញដោយភាពផុយស្រួយបាត់ទៅហើយ មានន័យថាយូរឬឆាប់គង់តែបរាជ័យជាមិនខានឡើយ។

គ្រាប់រ៉ុកកែតរបស់ហេសបូឡាផ្លោងចូលប្រទេសអ៊ីស្រាអែលភាគខាងជើងបន្ទាប់ពីអ៊ីស្រាអែលបាញ់ប្រហារពីលើអាកាសសម្លាប់អ្នករាយការណ៍ព័ត៌មានរបស់លីបង់ម្នាក់ឈ្មោះអាម៉ាល់ ខាលីល (Amal Khalil) កាលពីថ្ងៃពុធ។ នៅពេលនោះ ស្ត្រីអ្នករាយការណ៍ព័ត៌មានរូបនេះកំពុងចុះយកព័ត៌មានពាក់ព័ន្ធនឹងសង្គ្រាមនៅលីបង់ខាងត្បូង។ គិតទាំងលើកនេះទៀត អ៊ីស្រាអែលបាញ់សម្លាប់អ្នកសារព័ត៌មានរបស់លីបង់ចំនួន៨នាក់នៅក្នុងរយៈពេល២ខែ។

បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ក៏មានជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីបន្តសុពលភាពបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ផងដែរ។ អ៊ីរ៉ង់ទទូចថាការប្រយុទ្ធគ្នានៅលីបង់ត្រូវតែផ្អាកសិនបើចង់បន្តការចរចាសន្តិភាពរវាងខ្លួនជាមួយអាមេរិក។ លើកនេះ លោកត្រាំលែងកំណត់ថាបន្តសុពលភាពបទឈប់បាញ់ជាមួយអ៊ីរ៉ង់រយៈពេលប៉ុន្មានទៀតហើយ។ ពោលគឺបន្តសុពលភាពដោយឥតកំណត់ពេលវេលារហូតដល់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាតែម្ដង។

ប៉ុន្តែអ៊ីរ៉ង់មិនទទួលស្គាល់បទឈប់បាញ់នេះទេព្រោះឈប់បាញ់បានការអីបើអាមេរិកនៅតែបន្តបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់ចេញចូលបានដដែល។ ដោយសារការបន្តបិទខ្ទប់នេះហើយទើបបានជាអ៊ីរ៉ង់កាលពីពេលមានបទឈប់បាញ់២សប្ដាហ៍ ខ្លួនយល់ព្រមបើកច្រកហ័រម៉ូសឡើងវិញ។ លុះដល់អាមេរិកបន្តបិទខ្ទប់ដែនសមុទ្រខ្លួនដូច្នេះ អ៊ីរ៉ង់ក៏បិទច្រកសមុទ្រនោះវិញ ហើយថែមទាំងបញ្ជូនអូប័រជាច្រើនគ្រឿងដើម្បីចាត់ការកប៉ាល់ដឹកទំនិញ និងប្រេងឆៅដែលហ៊ានបើកកាត់ច្រកនោះ។ អ៊ីរ៉ង់និយាយមួយម៉ាត់ដោយខ្លីថាទាល់តែអាមេរិកលុបចោលការបិទខ្ទប់ជាមុនសិនទើបខ្លួនចូលតុចរចា៕ ប្រភព៖ The Guardian និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ