ទីក្រុងវ៉ាស៊ីនតោន៖ នៅទីបំផុត លោកដូណាល់ត្រាំសម្រេចចិត្តលុបចោលគម្រោងចរចាគ្នាជាមួយអ៊ីរ៉ង់បាត់ទៅហើយ។ ដូច្នេះ ប្រេសិតពិសេសរបស់លោក និងកូនប្រសារបស់លោកមិនបានធ្វើដំណើរទៅប្រទេសប៉ាគីស្ថានទេ។ ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅទីក្រុងឥស្លាមម៉ាបាតទាំងអសារឥតការ។ ប្រមុខការទូតរូបនេះក៏មិននៅបង្អែបង្អង់យូរតទៅទៀតដែរ លោកក៏បានចាកចេញពីទីនោះបន្ទាប់ពីពិភាក្សាគ្នាជាមួយមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានដែលជាម្ចាស់ផ្ទះ។

លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកសម្រេចចិត្តលុបចោលគម្រោងធ្វើដំណើររបស់លោកស្ទីវវីតខូសដែលជាបេសកជនពិសេសរបស់លោក និងលោកចារីដ ឃូសស្នឺ (Jared Kushner) ដែលជាកូនប្រសា (របស់លោកត្រាំ)។ លោកលើកហេតុផលថាដោយសារមានភាពរញ៉េរញ៉ៃនៅក្នុងចំណោមមន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ ម្នាក់និយាយទៅលិច រីឯម្នាក់ទៀតនិយាយទៅកើត រកស្ដាប់គ្នាមិនបាន។ លោកត្រាំសរសេរថាធ្វើដំណើរ (ទៅប៉ាគីស្ថាន) បានការអីនាំឱ្យខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍, យើងមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។

លោកសរសេរបន្តទៀតថានៅក្នុងចំណោមថ្នាក់ដឹកនាំអ៊ីរ៉ង់មានការប្រជែងគ្នា និងភាពច្រឡំបល់យ៉ាងខ្លាំង។ ឥឡូវនេះ លោកមិនដឹងថាតើនរណាជាអ្នកទទួលខុសត្រូវឱ្យពិតប្រាកដ។ លោកអះអាងថាអាមេរិកមានសន្លឹកបៀរល្អៗពេញដៃ។ ចំណែកអ៊ីរ៉ង់គ្មានសន្លឹកបៀរទឹកល្អសម្រាប់ចាក់ជាមួយអាមេរិកទេ។ ប្រសិនបើពួកគេចង់ចរចាគ្នា ពួកគេគ្រាន់តែហៅទូរស័ព្ទមកគឺបានហើយ។
តាមមើលទៅ ការពិភាក្សាគ្នារវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាននោះប្រហែលជាមិនបានទទួលលទ្ធផលអ្វីទេ។ ទោះជាយ៉ាងណាក្ដី លោកចាត់ទុកថាដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោកនៅទីនោះប្រកបដោយផ្លែផ្កាល្អណាស់។ ក្រោយមក លោកបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកបានជម្រាបជូនភាគីប៉ាគីស្ថានអំពីគោលជំហររបស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងការបង្កើតក្របខណ្ឌការងារដើម្បីបិទបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍តែម្ដង។

លោកសរសេរបន្តទៀតថាមិនទាន់មើលឃើញថាអាមេរិកមានជំហរហ្មត់ចត់ក្នុងការចង់ដោះស្រាយបញ្ហាតាមមធ្យោបាយការទូតនៅឡើយទេ។ សារព័ត៌មានអ៊ីរ៉ង់ផ្សាយថាលោកអារ៉ាក់ឈីបានបន្តដំណើរទៅទីក្រុងមូស្កាត (Muscat) ប្រទេសអូម៉ង់។ នៅទីនោះ លោកនឹងជួបមន្ត្រីជាន់ខ្ពស់អូម៉ង់ដើម្បីពិភាក្សា និងផ្ដោះប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍វិវត្តថ្មីៗនៅក្នុងតំបន់។ នៅក្នុងគម្រោងចរចាគ្នាលើកនេះ រដ្ឋាភិបាលអ៊ីរ៉ង់ប្រកែកមិនព្រមចរចាគ្នាដោយផ្ទាល់ជាមួយអាមេរិកទេ។ ប្រភពពីមន្ត្រីការទូតអ៊ីរ៉ង់ម្នាក់បង្ហើបឱ្យដឹងថាអ៊ីរ៉ង់នឹងមិនទទួលយកនូវអ្វីដែលខ្លួនហៅថាជា «ការទាមទារដ៏ច្រើនសន្ធឹកសន្ធាប់របស់អាមេរិក»៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ