រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញតាមស្រាវជ្រាវរកឃើញ ហើយនាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសជាជនអនាថានោះត្រូវបានសមត្ថកិច្ចប្រទះឃើញនៅចំណុចស្ពានខ្សែកាបឬស្សីកែវ (ស្ពានបាឡេ )ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២០និង០០នាទី យប់ហើយយកមកសួរនាំនិងសុំទោសជាសាធារណៈនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញបន្ទាប់ពីបុរសជាជនអនាថាម្នាក់ដែលប្រើប្រាស់ពាក្យសំដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេសម្នាក់ នៅក្បែររបងវត្តឧណ្ណាលោម។
សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម មានបុរសម្នាក់បានប្រើប្រាស់សំដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះlive រូបភាពវីដេអូ គ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់ជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះត្រូវបានជនបរទេសនោះយកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។
ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ដោយ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវទើបដឹងថាបុរសនោះជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈហើយតាមរកឃើញចំណុចស្ពានខ្សែកាបឫស្សីកែវ ហើយយកមកសួរនាំនិងអោយសុំទោសជាសាធារណៈ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញតែម្តង៕




ចែករំលែកព័តមាននេះ