ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនសហការជាមួយកម្លាំងនគរបាលស្រុកសូត្រនិគមនៃខេត្តសៀមរាប ធ្វើការស្រាវជ្រាវហ៊ានទៅដល់ធ្វើការឃាត់ខ្លួនបានក្រោយពីជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូអ្នកធ្វើការជាមួយគ្នា ពីខេត្តកំពង់ស្ពឺហើយព្យាយាមរត់គេចខ្លួនទៅខេត្តសៀមរាបបានរយៈពេល៥ថ្ងៃ។
ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងស្រុកសូត្រនិគមខេត្តសៀមរាប។
នគរបាលក្រុងច្បារមនបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំង ផ្នែកនគរបាលយុត្តិធម៌ក្រុងច្បារមន បានធ្វើការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ នឹងវត្ថុតាងម៉ូតូ ០១ គ្រឿង មកវិញ។ទទួលបទបញ្ជា២៤ម៉ោងលើ២៤ម៉ោងដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ- លោកវរសេនីយ៍ទោ យន្ត័ សង្ហារ អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ក្រុងច្បារមនបានសហការកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន បង្ក្រាប ករណី លួចម៉ូតូ ០១ គ្រឿង។
នគរបាលក្រុងច្បារមនបានបន្តឲ្យដឹងទេថា ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះជាម្ចាស់ម៉ូតូ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យឈ្មោះ ងីម ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករ រស់នៅក្នុងភូមិក្រាំងតាវ៉ា ឃុំហោមសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅចំណុច ផ្សារដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលធ្វើសកម្មភាព លួច យកម៉ូតូ០១ គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X-6958 លេខតួនិងលេខម៉ាស៊ីន 0030369 នៅចំណុចក្នុងដេប៉ូស្រាបៀរមួយកន្លែង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី០១រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ។ករណីខាងលើ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅផែន ការងារនគរបាលព្រហ្មទណ្ឌចាត់ការបន្តតាមនិតិវិធីហើយ។
នគរបាលក្រុងច្បារមនបានបញ្ជាក់ឲ្យដឹងថា ចំណែកម៉ូតូ ត្រូវបានជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមន ប្រគល់ជូនម្ចាស់ដើមយកទៅប្រើប្រាស់វិញ ៕






ចែករំលែកព័តមាននេះ