រាជធានីភ្នំពេញៈជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី ២និងគីឡូម៉ែត្រលេខ៦ ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
តាមនគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា ដោយមានបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ព្រមទាំងចាប់យកវត្ថុតាង រួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់, អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លី ០១ដើម(ម៉ាក PIETRO BERETTA គ្មានលេខ), ទូរស័ព្ទ ០២គ្រឿង, និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
តាមនគរបាលបានអោយដឹងទៀតថា ១-ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទី ត្រង់ចំណុច ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សេន ឧស្មាន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១៨៣៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ វត្ថុតាងចាប់យក រួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង។
២-ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(អាវុធខ្លីប្រើហ្គាស់បាញ់គ្រាប់ឃ្លី)៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៥០នាទីរសៀល ត្រង់ចំណុច ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ុប វណ្ណនី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងម៉ូតូ មានទីលំនៅ បន្ទប់ជួល ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ វត្ថុតាងចាប់យក រួមមាន អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លី ០១ដើម(ម៉ាក PIETRO BERETTA គ្មានលេខ) និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៣.ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី រសៀល ត្រង់ចំណុច ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១-ឈ្មោះ ម៉ាត់ ប៉ូធី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ មានទីលំនៅ ភូមិខ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ, ២-ឈ្មោះ អាង ឡាយហុក ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅ ផ្ទះលេខ៩០៤ ផ្លូវលេខ៣៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ៣-ឈ្មោះ ម៉ាត់ អ៊ីសា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ៤-ឈ្មោះ មើយ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យក ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕




ចែករំលែកព័តមាននេះ