ទីក្រុងកៀវ៖ ជាព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងរហូតមកដល់ពេលនេះមានរយៈពេលជាងបួនឆ្នាំ ប្រមុខដឹកនាំអ៊ុយក្រែនបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសនៅតំបន់កូកាស់ខាងត្បូងគឺប្រទេសអាហ្ស៊ែបៃហ្សង់ (Caucasus)។ ឈរក្បែរប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោកហ្សេឡិនស្គីបញ្ជាក់ច្បាស់ៗតែម្ដងថាលោកត្រៀមខ្លួនរួចហើយដើម្បីជួបគ្នាផ្ទាល់ជាមួយលោកពូទីន ហើយជួបគ្នានៅប្រទេសអាហ្ស៊ែបៃហ្សង់ថែមទៀត។

លោកថ្លែងដូច្នេះបន្ទាប់ពីសម្លឹងឃើញថាបើរំពឹងតែលើអាមេរិកដើម្បីជួយដោះស្រាយបញ្ហាអ៊ុយក្រែនមើលទៅតឹងដូចអូសឫស្សីបញ្ច្រាសចុងអីចឹង។ វាជារឿងសំខាន់ជាអាយុជីវិតសម្រាប់អ៊ុយក្រែនដែលរុស្ស៊ីរកឃើញចំណុចខ្លាំងដើម្បីបិទបញ្ចប់សង្គ្រាមដែលលោកចាត់ទុកថាពោរពេញដោយភាពអយុត្តិធម៌។ លោកអះអាងថាទីក្រុងបាគូ (ប្រទេសអាហ្ស៊ែបៃហ្សង់) អាចក្លាយជាទីតាំងកណ្ដាលសម្រាប់ការចរចាគ្នា។

ហ្សេឡិនស្គីថ្លែងថារដ្ឋាភិបាលរបស់លោកធ្លាប់បានចរចាគ្នារួចហើយនៅប្រទេសតួកគី និងស្វីស។ ប៉ុន្តែការចរចាទាំងនោះធ្វើឡើងកម្រិតមន្ត្រីជាន់ខ្ពស់តែប៉ុណ្ណោះ។ មានន័យថានោះមិនមែនជាការជួបគ្នាកម្រិតកំពូលនោះឡើយ។ លោកថ្លែងថាយើងត្រៀមខ្លួនរួចហើយដើម្បីចរចាគ្នានៅអាហ្ស៊ែបៃហ្សង់ សំខាន់ឱ្យតែភាគីរុស្ស៊ីត្រៀមខ្លួនទទួលយកការដោះស្រាយបញ្ហាតាមនយោបាយការទូត។

គួរកត់សម្គាល់ថាកាលពីពេលកន្លងមក វិមានក្រឹមឡាំងបដិសេធមិនទទួលយកការជួបគ្នាកម្រិតកំពូលនៅទីកន្លែងណាទាំងអស់លើកលែងតែទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី មួយគត់។ ដោយហេតុថារុស្ស៊ីកំពុងមានប្រៀបនៅលើសមរភូមិយោធា វាយប្រហារអ៊ុយក្រែនគ្មានដកដៃ ដូចនេះ វិមានក្រឹមឡាំងសម្ដីរាងក្រអឺតបន្តិចហើយ។ តាំងពីណាពីណីមក ក្រឹមឡាំងមិនដែលបន្ធូរបន្ថយលក្ខខណ្ឌរបស់ខ្លួនសូម្បីតែបន្តិច។ រាល់ការទាមទារពីអ៊ុយក្រែន និងពីអាមេរិកត្រូវក្រឹមឡាំងច្រានចោលស្ទើរតែទាំងស្រុង។ គេកំពុងរង់ចាំមើលដើម្បីចង់ដឹងថាបន្ទាប់ហ្សេឡិនស្គីបោះដៃទៅរកក្រឹមឡាំងដូចខាងលើនេះ តើក្រឹមឡាំងនឹងឆ្លើយតបបែបណាទៀត៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ