រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញកាតព្វកិច្ចយោធានឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដោយស្រប និងបំពេញតាមតម្រូវការយោធាប្រចាំឆ្នាំជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងធ្វើការជាក្រុមដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ការបង្កើតការងារ គឺផ្អែកលើអភិក្រម គុណភាព និងបរិមាណ ។ រាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់បរិយាកាសបរិស្ថានការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានា និងរៀបចំកន្លែងធ្វើការប្រកបដោយផាសុខភាព និងគោរពច្បាប់។
ព្រមជាមួយគ្នានេះ កម្មករនិយោជិតទាំងអស់ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម ពិសេសជំនាញរឹង ដើម្បីអាចនឹងមានលទ្ធភាពទទួលបានការអភិវឌ្ឍខ្លួន និងប្រាក់បៀវត្សរ៍ខ្ពស់ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃរបបសន្តិសុខសង្គម (បសស) ដែលរាជរដ្ឋាភិបាលបានរៀបចំ និងផ្តល់ជូនប្រជាជនកម្ពុជា ពិសេសកម្មករ-កម្មការិនី ដែលសបញ្ជាក់អំពីការគិតគូរសុខភាពសាធារណៈ ។
រាជរដ្ឋាភិបាល បានដាក់ចេញការគិតគូរលើវិស័យសុខុមាលភាពប្រជាជន គឺមិនផ្តោតលើការចំណេញអ្វីនោះទេ តែជាការខិតខំក្នុងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងគ្រប់ៗគ្នា ពិសេសកាត់បន្ថយចំណាយ និងទទួលបានសុខភាពកាន់តែរឹងមាំ តាមរយៈការទទួលបានការពិនិត្យ, តាមដាន និងព្យាបាលទៀងទាត់ ។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី ការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដែលស្រប និង បំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការ ចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្រោយពីការចូលហ្វឹកហ្វឺនរយៈពេល២៤ខែ ប្រទេសយើងនឹងទទួលបានធនធានមនុស្សល្អ ដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំ តាមរយៈការធ្វើការជាក្រុម ។ ការចូលហ្វឹកហ្វឺន ក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នា ពោល គឺការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ ជាមួយការផ្តល់ជូនប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ ។
មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ដល់អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលកំពុងមានសកម្មភាព ឱ្យបានល្អ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់មូលដ្ឋាន ។
ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការពិនិត្យរៀបចំច្បាប់ ក្នុងការមានចំណាត់ការចំពោះក្មេងទំនើង ដើម្បីផ្សារភ្ជាប់ជាមួយជួរមុខ ដូចជា ការចុះទៅធ្វើការបំពេញការងារជួយចាក់បេតុងលេណដ្ឋាន ជួសជុល និងសេវាតម្រូវការផ្សេងៗ៕
ចែករំលែកព័តមាននេះ