នៅពេលដែលពង្រាងច្បាប់កាតព្វកិច្ចយោធា ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅសភា ដើម្បីសុំការអនុម័តនោះ គេដឹងថា មួយឆ្នាំយុវជនកម្ពុជា ដែលជាប់កាតព្វកិច្ចអាចមានចំនួនប្រមាណជា៣០ ម៉ឺននាក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅកោះពេជ្រ នាពេលជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិថា ចំនួននេះច្រើន ។ ដូច្នេះយុវជន ដែលជ្រើសរើសឲ្យហ្វឹកហាត់ មិនអាចរើសយកម្តងទាំងអស់នោះទេ ពីព្រោះវាចំណាយច្រើន និងមិនមានកន្លែងសម្រាប់ពួកគេគ្រប់គ្រាន់ឡើយ ។
សម្តេចធិបតី បានលើកឡើងថា នៅពេលនេះ រដ្ឋាភិបាលកំពុងពិចារណាក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ។
សម្តេចធិបតី បានបន្តថានៅតាមប្រទេសមួយចំនួន ដោយប្រទេសខ្លះនៅពេលដែលដល់អាយុ១៨ឆ្នាំ គឺត្រូវតែអនុវត្តច្បាប់កាតព្វកិច្ចយោធាជាកំហិត ខណៈដែលប្រទេសមួយចំនួន មិនអនុវត្តបែបនេះ គឺធ្វើទៅតាមតម្រូវការតែប៉ុណ្ណោះ ហើយធ្វើឡើងតាមរយៈការចាប់ឆ្នោត ។
យោងទៅតាសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលរដ្ឋាភិបាលកំពុងបញ្ជូនទៅសភា អ្នកដែលជាប់កាតព្វកិច្ចនេះ គឺជាយុវជនចាប់ពីអាយុ១៨ដល់២៥ឆ្នាំ ហើយចំណែកយុវនារីអាចចូលរួមដោយស្ម័គ្រចិត្ត ។
សម្តេចធិបតីបានបន្តថា តាមច្បាប់កាតព្វកិច្ចនេះ មានរយៈពេលដល់ទី២ឆ្នាំ ហើយនៅក្នុងអំឡុងពេលនោះ យុវជនមិនមែនហ្វឹកហាត់ពង្រឹងតែវិស័យការពារជាតិនោះទេ ពួកគេក៏ទទួលបានការហ្វឹកហាត់អំពីសីលធម៌ និងវិន័យ ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយបងតូចបងធំ នៅក្នុងសង្គមផងដែរ ។ សម្រាប់អ្នកដែលបានហ្វឹកហាត់រួចរាល់ ទោះបីជាមិនត្រូវបានជ្រើសរើសឱ្យធ្វើកងទ័ព ប៉ុន្តែពួកគាត់បានក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ