ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​រួម​គ្នា​កសាង​ភាព​ធន់ ​ដើម្បី​ការងារ​សមរម្យ​» ជា​ប្រធានបទ​ដ៏​សម​ស្រប ​ស្ថានភាព​នា​ពេល​នេះ ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦

2 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ នេះ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ នេះ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ និង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ឱកាស​ប្រារ​ព្ឋ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​រួម​គ្នា​កសាង​ភាព​ធន់​ដើម្បី​ការងារ​សមរម្យ​» នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​មាន​អ្នកចូលរួម​ជាង ៥​ពាន់​នាក់ មក​ពី​សហជីព​មូលដ្ឋាន​ដ៏​ច្រើន​ជាងគេ​រហូត​ដល់​ជាង ១ ៣០០​សហជីព​, ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព​ចំនួន ១៨៦​សហព័ន្ធ ព្រមទាំង​សមាគម​និយោជក សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​ផ្សេង​ៗ​ទៀត រួម​ទាំង​សមាគម​បុគ្គលិក​សិក្សា ​។

ថ្លែង​ក្នុង​ពិធី សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នា​ឆ្នាំ​នេះ គឺជា​ការ​បន្ត​នូវ​ប្រពៃណី​ដ៏​ថ្លៃថ្លា​នៃ “​បុណ្យ​ការងារ​របស់​ជាតិ​” ដើម្បី​រំឭក​ដល់​ការ​តស៊ូ​ក្នុង​បុព្វហេតុ​លើកកម្ពស់​សិទ្ធិ សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​បងប្អូន​កម្មករនិយោជិត ​។ ក្នុង​ស្មារតី​នេះ ប្រធានបទ “​រួម​គ្នា​កសាង​ភាព​ធន់​ដើម្បី​ការងារ​សមរម្យ​” សម្រាប់​ឆ្នាំ ២០២៦ ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្តែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​រីក​ចម្រើន ​។

ទោះបីជា​ត្រូវ​ប្រឈម​នឹង​វិបត្តិ​សកល ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ វិបត្តិ​ថាមពល និង​ការ​បែកខ្ញែក​នៃ​សេដ្ឋកិច្ច​សកល​ដែល​រំខាន​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ​ក្តី​, ជា​ពិសេស ទោះបីជា​មានការ​រំលោភ​លើ​អធិបតេយ្យភាព​ជាតិ ដែល​បង្ខំ​ឱ្យ​អតីត​ពលករ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​គំហុក ព្រមទាំង​បាន​បន្សល់​នូវ​សោកនាដកម្ម​ដល់​ជីវិត​វីរ​កងទ័ព ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​បង្ក​ឱ្យ​មាន​ជនភៀសសឹក​ជាង ៦​សែន​នាក់ យ៉ាងណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​រឹង​មាំ​ជា​និច្ច ក្នុង​ការ​ការពារ​សន្តិភាព ស្ថិរភាព និង​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ​ ។

ជាមួយ​ការ​សម្រួល​ដល់​ឱកាស​វិនិយោគ ការ​បង្កើត​ការងារ រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​លើកកម្ពស់​សុខដុម​នី​យ​កម្ម និង​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្របច្បាប់​ជាតិ និង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ​។ ជាក់ស្តែង គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ នេះ អង្គការ​វិជ្ជាជីវៈ​ចំនួន ៦ ៩២០ បាន​ចុះ​បញ្ជិកា ក្នុង​នោះ​រួម​មាន សហភាព​សហជីព​ចំនួន ៤៣, សហព័ន្ធ​សហជីព​ចំនួន ២៨៥, សហជីព​មូលដ្ឋាន​ចំនួន ៦ ៥៧៩ និង​សមាគម​និយោជក​ចំនួន ១៣​។ ដោយឡែក យន្តការ​ដោះស្រាយ​វិវាទ​ការងារ ត្រូវ​បាន​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព និង​ល្អ​ប្រសើរ​ជាង​មុន​ទាំង​នៅ​កម្រិត​ក្រសួង និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ នេះ ដោយ​សម្រេច​បាន​អត្រា​សះជា​ខ្ពស់​រហូត​ដល់ ៩៧,៩២% ដែល​តួលេខ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាស់ទុំ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ស្ថិរភាព​ក្នុង​ចង្វាក់ ផលិតកម្ម​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី​មាន​ប្រសាសន៍​សង្កត់ធ្ងន់​បន្ថែម​ថា ការ​បង្កើត​ការងារ​នៅ​កម្ពុជា​ត្រូវ​ឈរ​លើ​អភិក្រម​ជា​មូលដ្ឋាន​ទាំង​គុណភាព និង​បរិមាណ​។ ក្នុង​ស្មារតី​នេះ ដើម្បី​តម្រង់​ទិស​ការងារ​បន្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សម្តេច​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​គន្លឹះ​ចំនួន ៥ ចំណុច ជូន​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សំដៅ​ធានា​លើកកម្ពស់​សិទ្ធិ ផលប្រយោជន៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​បងប្អូន​កម្មករនិយោជិត ​។

ទន្ទឹម​នេះ សម្តេច​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត ក៏​ដូច​ជា​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​បេះដូង និង​កម្លាំងកាយ​ចិត្ត ដោយ​ក្តី​ប្តេជ្ញា​ចិត្ត និង​ក្តី​រំភើប​ចំពោះ​ការងារ​របស់​ខ្លួន ព្រមទាំង​ត្រូវ​ចាត់​ទុក​សហគ្រាស គ្រឹះស្ថាន ឱ្យ​ដូច​ជា “​ផ្ទះ​របស់​ខ្លួន​” ស្រប​តាម​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​ដែល​សម្តេច​តេ​ជោ ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​សម្តេច​ធិ​បតី និង​អង្គពិធី​ពី​វឌ្ឍនភាព​ការងារ​សំខាន់​ៗ​របស់​ក្រសួង ជា​ពិសេស​ការ​អនុវត្ត​អនុសាសន៍​១០​ចំណុច​របស់​សម្តេច​ធិ​បតី និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​ដៃគូ​ដ៏​សំខាន់​មួយ​ក្នុង​ការ​រួម​គ្នា​ជំរុញ​ការ​អនុវត្ត “​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​” ជាង​ពីរ​ទសវត្សរ៍​ចាប់តាំងពី​ឆ្នាំ​២០០៥ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន ៦​ដំណាក់កាល​រួច​មក​ហើយ និង​បាន​បង្កើន​នូវ​ភាព​ធន់ និង​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា ​។

ក្នុង​បរិយាកាស​ដ៏​រីករាយ​នេះ សម្តេច​ធិ​បតី​ក៏​បាន​អញ្ជើញ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ពានរង្វាន់ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” លើក​ទី ២ ជូន​ដល់​សហគ្រាស​ចំនួន ៥៥ ដែល​បាន​បំពេញ​យ៉ាង​ត្រឹមត្រូវ​តាម​លក្ខណៈ​វិនិច្ឆ័យ​អនុលោម​ភាព​ទាំង ៨ ចំណុច​នៃ​ចលនា​ប្រឡងប្រណាំង​។ ក្នុង​នោះ រួម​មាន​ជ័យ​លា​ភី​ពានមាស​ចំនួន ២៧, ពានប្រាក់​ចំនួន ១៨ និង​ពានសំរិទ្ធ​ចំនួន ១០ សហគ្រាស​។ គួរ​ជម្រាប​ផង​ដែរ​ថា សម្រាប់​ឆ្នាំ​ទី ២ នៃ​ចលនា​ប្រឡងប្រណាំង​នេះ មាន​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ចូលរួម​សរុប​ចំនួន ១៨២ ៕ អត្ថបទសហការ