រាជរដ្ឋាភិបាល កំពុងពិចារណា ក្នុងការ អនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងពិចា រណា ក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុវត្តដោយគណៈរដ្ឋមន្ត្រី ហើយកំពុងបញ្ជូនទៅកាន់រដ្ឋសភា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអនុវត្តច្បាប់ប្រភេទនេះនៅតាមប្រទេសមួយចំនួនដោយប្រទេសខ្លះ នៅពេលដែលដល់អាយុ១៨ឆ្នាំ គឺត្រូវតែអនុវត្តច្បាប់កាតព្វកិច្ចយោធាជាកំហិត ខណៈដែលប្រទេសមួយចំនួនមិនអនុវត្តបែបនេះ គឺធ្វើទៅតាមតម្រូវការតែប៉ុណ្ណោះ ហើយធ្វើឡើងតាមរយៈការចាប់ឆ្នោត ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា «នីតិវិធីឥឡូវ កំពុងតែពិចារណា ពិភាក្សាគ្នា គឺមានរូបមន្ត២ គឺរូបមន្តស្ម័គ្រចិត្ត និងរូបមន្តបង្ខំ ហេតុអ្វីបានថា កាតព្វកិច្ចមានដោយស្ម័គ្រចិត្ត ស្ម័គ្រចិត្តនេះ គឺមានន័យថា អ្នកហ្នឹងត្រូវតែបំពេញកាតព្វកិច្ចយោធា អ្នកខ្លះគាត់ថា ខ្ញុំចង់ធ្វើឆ្នាំហ្នឹងឱ្យហើយ ខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំហ្នឹង អីចឹងអាទិភាពរើស គឺយើងរើសអ្នកហ្នឹងកុំរំខានអ្នកផ្សេង» ។
សម្តេចបានបញ្ជាក់បន្តថា ក្នុងករណីដែលធ្វើការជ្រើសរើសដោយស្ម័គ្រចិត្ត នៅតែមិនគ្រប់គ្រាន់សម្រាប់តម្រូវការកងទ័ព នោះ នីតិវិធីទី២ គឺការអនុវត្តដោយចាប់បង្ខំ នឹងត្រូវយកមកប្រើប្រាស់វិញម្តង ។ បើតាមសម្តេចធិបតី ក្នុង១ឆ្នាំៗ នៅក្នុងប្រទេសកម្ពុជា មានពលរដ្ឋប្រមាណជាង៣០ម៉ឺន គ្រប់អាយុ១៨ឆ្នាំ ហើយយុវជនដែលជ្រើសរើសឱ្យហ្វឹកហាត់ មិនអាចរើសយកម្តងទាំងអស់បាននោះទេ ព្រោះការធ្វើបែបនេះ អាចឱ្យរដ្ឋចំណាយលុយច្រើន និងមិនមានកន្លែងសម្រាប់យុវជនដេកហាត់រៀនថែមទៀត ។
សម្តេចធិបតី បានបញ្ជាក់អំពីសារសំខាន់នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយបញ្ហានេះមិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ វាបានផលទៅដល់សង្គមជាតិយើងផងដែរ ។ សម្តេចបានថ្លែងថា យុវជនទទួលបានការហ្វឹកហាត់អំពីសីលធម៌ និងវិន័យ នៅក្នុងជួរកងទ័ព រយៈពេល២ឆ្នាំតាមច្បាប់កំណត់នឹងចេញទៅវិញក្លាយទៅជាមនុស្សល្អ មានសីលធម៌ និងវិន័យ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបងតូចបងធំ នៅក្នុងសង្គមផងដែរ ។
ពាក់ព័ន្ធនឹងយុវជនដែលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ខណៈដែលពួកគេមានការងារនៅខាងក្រៅនោះ សម្តេចបានជំរុញឱ្យថៅកែ និយោជក រក្សាការងាររបស់គាត់ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ឱ្យនៅដដែល ។ សម្រាប់អ្នកដែលបានហ្វឹកហាត់រួចរាល់ ទោះបីជាមិនត្រូវបានជ្រើសរើសឱ្យធ្វើកងទ័ព ប៉ុន្តែពួកគាត់បានក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ ៤៥ឆ្នាំផងដែរ ។
យោងតាមសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលកំពុងដំណើរការចែងច្បាប់នាពេលនេះ បានឱ្យដឹងថា យុវជនប្រុស ស្រីចាប់ពីអាយុ១៨ ដល់២៥ឆ្នាំ នឹងត្រូវជាប់កាតព្វកិច្ចយោធា ដោយក្នុងនោះ ការអនុវត្តសម្រាប់ស្ត្រីត្រូវតែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយមិនមាន ការបង្ខិតបង្ខំឡើយ ។ ក្រោយរៀបចំសេចក្តីព្រាងច្បាប់នេះ មានការចោទសួរតាមបណ្តាញសង្គមជាច្រើន៕
ចែករំលែកព័តមាននេះ