ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសជាតិអាហារ ជួយជំរុញសន្ទុះពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី និងរឹតចំណងទ្វេភាគី

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្នុងបរិយាកាសដ៏កក់ក្តៅនៃវិថីដើរថ្មើរជើងចតុមុខ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានប្រារព្ធពិធីបើកព្រឹត្តិការណ៍ «ផ្សាររាត្រីឥណ្ឌូណេស៊ី» (Bazar Malam Indonesia) ជាថ្មីម្តងទៀតកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦…

រាជធានីភ្នំពេញ៖ ក្នុងបរិយាកាសដ៏កក់ក្តៅនៃវិថីដើរថ្មើរជើងចតុមុខ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានប្រារព្ធពិធីបើកព្រឹត្តិការណ៍ «ផ្សាររាត្រីឥណ្ឌូណេស៊ី» (Bazar Malam Indonesia) ជាថ្មីម្តងទៀតកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់ពីក្រសួងទេសចរណ៍ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការជួបជុំដើម្បីកម្សាន្ត និងភ្លក្សអាហារវិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពី «ការទូតម្ហូបអាហារ» ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រជាជាតិទាំងពីរ ស្របតាមសុភាសិតខ្មែរដែលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។

ក្នុងឱកាសនោះ លោក Krishnajie ភារធារីនៃស្ថានទូតឥណ្ឌូណេស៊ី បានលើកឡើងថា ផ្សាររាត្រីនេះគឺជាសញ្ញាណនៃភាពស្និទ្ធស្នាលដែលអនុញ្ញាតឱ្យមនុស្សមកជួបជុំគ្នា ផ្លាស់ប្តូរគំនិត និងជួយគ្នាទៅវិញទៅមកលើសពីការធ្វើពាណិជ្ជកម្ម។ លោកថា ស្ថានទូតក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើម “Duta Rasa Nusantara” ឬ “ទូតនៃរសជាតិឥណ្ឌូណេស៊ី” ដើម្បីផ្តល់វិញ្ញាបនបត្រទទួលស្គាល់ភោជនីយដ្ឋានឥណ្ឌូណេស៊ីដែលមានរសជាតិដើមពិតប្រាកដក្នុងរាជធានីភ្នំពេញ សំដៅពង្រឹងវិស័យទេសចរណ៍ និងផ្ដល់មគ្គុទ្ទេសក៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរ។

សូមជម្រាបជូនថា ស្របពេលដែលចំណងមិត្ត​កាន់តែស៊ីជម្រៅ ទំនាក់ទំនងសេដ្ឋកិច្ចក៏បានបង្ហាញពីសន្ទុះគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ទំហំនាំចេញរបស់ឥណ្ឌូណេស៊ីមកកាន់កម្ពុជាបានហក់ឡើងដល់ ២៧៤.៩ លានដុល្លារអាម៉េរិក ដែលធ្វើឱ្យឥណ្ឌូណេស៊ីក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៩ របស់កម្ពុជា។ ទន្ទឹមនឹងការដោះដូរទំនិញសំខាន់ៗដូចជា ធ្យូងថ្ម គ្រឿងឧបភោគបរិភោគ និងឱសថ វិស័យទេសចរណ៍ក៏មានភាពសកម្មខ្លាំង ដោយមានភ្ញៀវទេសចរឥណ្ឌូណេស៊ីជាង ៥ម៉ឺននាក់បានមកកម្សាន្តនៅកម្ពុជាក្នុងឆ្នាំកន្លងទៅ ដែលជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំ និងកិច្ចសហការដែលបង្កើតកម្លាំង និងឱកាសឱ្យគ្នាទៅវិញទៅមក៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ