អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងក្នុងការជួញដូរនៅអាស៊ី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីផែនការចរចាសន្តិភាពជុំទី២រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានជាប់គាំងម្តងទៀត។ នេះបើយោងតាមប្រភពពី BBC បានចេញផ្សាយ។
ប្រេងឆៅ Brent ស្តង់ដាសកល បានកើនឡើង ២,២% ដល់ ១០៧,៧០ ដុល្លារអាមេរិកក្នុង១បារ៉ែល ខណៈប្រេងឆៅជួញដូរនៅសហរដ្ឋអាមេរិក West Texas Intermediate (WTI) បានកើនឡើង ២,១% ដល់ ៩៦,៤០ ដុល្លារក្នុង១បារ៉ែល។
ការឡើងថ្លៃនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសថា សហរដ្ឋអាមេរិកបានលុបចោលផែនការបញ្ជូនប្រតិភូរបស់ខ្លួនទៅប្រទេសប៉ាគីស្ថាន សម្រាប់ការចរចាជាមួយអ៊ីរ៉ង់។
ការផ្គត់ផ្គង់ថាមពលសកលបានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើង នៅចុងខែកុម្ភៈ ខណៈផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបិទ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ង់បានគំរាមវាយប្រហារកាប៉ាល់ដឹកជញ្ជូន ដើម្បីសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសខ្លួន។ ដ្បិតប្រហែល១ភាគ៥នៃការដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ពិភពលោកជាធម្មតាឆ្លងកាត់ច្រកសមុទ្រហ័រមូស។
លោក ត្រាំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដូច្នេះថា «មានការខ្ជះខ្ជាយពេលវេលាច្រើនពេកហើយលើការធ្វើដំណើរ និងការងារច្រើនពេកក្នុងការបញ្ជូនតំណាងអាមេរិកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។ មានការមិនត្រូវរ៉ូវគ្នាខ្លាំង និងការភាន់ច្រឡំក្នុងជួរថ្នាក់ដឹកនាំរបស់ទីក្រុងតេហេរ៉ង់។ គ្មាននរណាម្នាក់ដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវនោះទេ រួមទាំងពួកគេផងដែរ។ ដូចគ្នានេះដែរ យើងមានសន្លឹកបៀទាំងអស់ក្នុងដៃ ពួកគេគ្មានទេ! ប្រសិនបើពួកគេចង់និយាយនោះ អ្វីដែលពួកគេត្រូវធ្វើគឺគ្រាន់តែទូរស័ព្ទទៅ!!!»។
គួរបញ្ជាក់ថា តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ១០% ចាប់តាំងពីលោក ត្រាំ បានប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដើម្បីផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំប្រទេសនេះបង្ហាញសំណើរួមគ្នាមួយ៕

ចែករំលែកព័តមាននេះ