ទីក្រុងវ៉ាស៊ីនតោន៖ ក្រោយហេតុការណ៍បាញ់ប្រហារចំនួន៦គ្រាប់នៅឯសណ្ឋាគារវ៉ាស៊ីនតោន ហ៊ីលតុន (Washington Hilton Hotel) ជាទីដែលមានរៀបចំពិធីជួបជុំរវាងលោកដូណាល់ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោកជាមួយបុគ្គលិកសេតវិមាន និងអ្នកសារព័ត៌មានដើម្បីពិសាអាហារជុំគ្នាជាមហាគ្រួសារតែមួយនោះ ជនដៃដល់នៅក្នុងអំពើនោះត្រូវបានសារព័ត៌មានបង្ហាញអត្តសញ្ញាណរបស់គាត់ជាបណ្ដើរៗហើយ។ គាត់មិនមែនជាមនុស្សលំៗនោះទេ រៀនចប់មានសញ្ញាប័ត្រត្រឹមត្រូវពីសាកលវិទ្យាល័យ។

បុរសនោះឈ្មោះខូល ថូម៉ាស់ អាឡឹន (Cole Tomas Allen) វ័យ៣១ឆ្នាំជាវ័យកំពុងអភិវឌ្ឍខ្លួន។ តាមដឹងមកថាគាត់ជាវិស្វករគ្រឿងយន្ត និងជាអ្នកសរសេរកម្មវិធីសូហ្វវែហ្គេមមិនមែនអាជីព (amateur) រស់នៅរដ្ឋកាលីហ្វ័រញ៉ា។ លោកដូណាល់ត្រាំបានបង្ហោះនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) នូវរូបថតចាប់ខ្លួនជនសង្ស័យរូបនេះ។ បើប្រៀបធៀបជាមួយប្រវត្តិរូប និងរូបថតរបស់គាត់ដែលគាត់ខ្លួនឯងបង្ហោះនៅលើបណ្ដាញសង្គមឃើញថាត្រូវគ្នា ពិតជាបុរសម្នាក់ហ្នឹងហើយ។

ប្រវត្តិរូបនៅលើបណ្ដាញសង្គមលីងអ៊ីន (LinkedIn) របស់បុរសសង្ស័យបង្ហាញថាគាត់ជាគ្រូបង្រៀនក្រៅម៉ោង និងជាអ្នកផលិតសូហ្វវេហ្គេម។ នៅលើប្រវត្តិរូបនោះសរសេរថាគាត់ជាវិស្វករគ្រឿងយន្ត, ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ, ជាអ្នកផលិតសូហ្វវែហ្គេម និងជាគ្រូបង្រៀន។ នៅក្នុងរូបថតនោះ អាឡឹនពាក់ឈុតទទួលបរិញ្ញាបត្រជាន់ខ្ពស់ (master) ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា។

អាឡឹនរៀនចប់បរិញ្ញាបត្រវិស្វកម្មគ្រឿងយន្តកាលពីឆ្នាំ២០១៧ពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ា។ គ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា លោកប៊ីនតាំង (Bin Tang) ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអេភីថាអាឡឹនក៏ធ្លាប់រៀនជាមួយគាត់ដែរ ហើយគាត់ (អាឡឹន) ជានិស្សិតល្អណាស់។ គាត់តែងតែអង្គុយនៅតុជួរមុខគេជានិច្ចឱ្យតែដល់ម៉ោងគាត់ (លោកគ្រូប៊ីនតាំង) បង្រៀនម្ដងៗ។ គាត់រៀនដោយយកចិត្តទុកដាក់ ហើយឧស្សាហ៍ផ្ញើអ៊ីមែលទាក់ទងជាមួយគ្នាដើម្បីសាកសួរអំពីមេរៀនផ្សេងៗ។ លោកគ្រូប៊ីនតាំងប្រាប់ថាអាឡឹនជាមនុស្សនិយាយសម្ដីតិច, ចេះគួរសមណាស់ ហើយក៏មានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ផងដែរ។ អីចឹងហើយបានជាលោកគ្រូភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលទទួលដំណឹងថាអាឡឹនបាញ់ប្រហារនៅក្នុងពិធីជប់លៀងរបស់លោកត្រាំនោះ។

អាឡឹនធ្លាប់ធ្វើជាគ្រូបង្រៀន៦ឆ្នាំសម្រាប់សិស្សដែលត្រៀមប្រឡងចូលមហាវិទ្យាល័យ។ ទំព័រហ្វេសប៊ុករបស់សាលាដែលគាត់បង្រៀនធ្លាប់បង្ហោះសារកាលពីឆ្នាំ២០២៤ចាត់ចំណាត់ថ្នាក់អាឡឹនជាគ្រូបង្រៀនឆ្នើមប្រចាំខែថែមទៀតផង។ មុនពេលបាញ់ប្រហារ អាឡឹនជួលបន្ទប់សណ្ឋាគារហ៊ីលតុន។ អាឡឹនមិនមែនកាន់តែកាំភ្លើងតែ១ដើមទេ។ គាត់មានកាំភ្លើង និងកាំបិតជាច្រើនដាក់ជាប់នឹងខ្លួននៅពេលសម្រុកចូលកន្លែងរៀបចំពិធីនោះ។ វីឌីអូដែលបង្ហោះដោយលោកត្រាំបង្ហាញជនសង្ស័យរូបនេះរត់កាត់រនាំងរបស់កងសន្តិសុខ និងឃើញកងការពារសម្ងាត់រត់ស្រទៅតាមពីក្រោយអាឡឹន។ គេស្ដាប់ឮសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់ខាងក្រៅកន្លែងរៀបចំពិធីដែលមានអ្នកមុខអ្នកការស្ថិតនៅទីនោះរួមទាំងលោកត្រាំ, ជំទាវទីមួយមេឡានៀត្រាំ (Melania Trump), អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance), មន្ត្រីជាន់ខ្ពស់ជាច្រើនរូប, អ្នកសារព័ត៌មាន និងតារាល្បីៗ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ស៊ីប៊ីអែស (CBS) អាឡឹនប្រាប់សមត្ថកិច្ចថាគាត់ចង់បាញ់មន្ត្រីជាច្រើននាក់ដែលបម្រើការនៅក្នុងរដ្ឋបាលរបស់លោកត្រាំ។ នគរបាលជឿជាក់ថាអាឡឹនប្រព្រឹត្តទង្វើនេះតែម្នាក់ឯងទេ។ ប៉ុន្តែសំណួរថាតើគាត់ចង់បាញ់សំដៅទៅរកនរណាខ្លះ? និងតើហេតុផលអ្វីនៅពីក្រោយទង្វើនេះ? គឺមិនទាន់មាននរណាដឹងនៅឡើយទេ។ អាឡឹនត្រូវបានកងសន្តិសុខចាប់ផ្ដួលទៅលើដី ប៉ុន្តែគាត់មិនបានរងរបួសអ្វីទេ។ ទោះជាបែបនេះក្ដី គេបាននាំគាត់ទៅពេទ្យដើម្បីឆែកមើលសុខភាព។ សមត្ថកិច្ចនឹងនាំខ្លួនគាត់ឡើងតុលាការនៅថ្ងៃចន្ទ ហើយនឹងចោទប្រកាន់ពីបទកាន់កាប់កាំភ្លើង និងប្រព្រឹត្តអំពើវាយប្រហារ។ ក្នុងនោះក៏មានបទចោទពាក់ព័ន្ធនឹងការវាយប្រហារមន្ត្រីអនុវត្តច្បាប់ដោយប្រើប្រាស់អាវុធដែលអាចបណ្ដាលឱ្យស្លាប់ផងដែរ៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ