រាជធានីភ្នំពេញ៖ រថយន្តប្រមូលសំរាមក្រុមហ៊ុនMIZUDA បានបើកលឿនជ្រុលទៅបុកពីក្រោយបុរសជាកម្មករសំណង់ម្នាក់ដែលជិះម៉ូតូឆ្លងផ្លូវ និងអូសផ្ទប់សួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបែកក្បាលខ្ទេចដាច់ត្រឹម ក ស្លាប់ភ្លាមៗយ៉ាងរន្ធត់ បន្ទាប់មកអ្នកបើបររថយន្តបង្កខាងលើ បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅជិតវត្តឫស្សីសាញ់ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តបង្កនោះពណ៍ស ពាក់ស្លាកលេខ26AT-3-1938 ជារថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ប្រមូលសំរាម MIZUDA បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ចំណែកបុរសរងគ្រោះដល់ស្លាប់ខាងលើ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា មានវ័យប្រមាណ៦០ឆ្នាំ គ្រាន់តែដឹងថាគាត់គឺជាកម្មករសំណង់ នៅការដ្ឋានសំណង់នៅជិតនោះដែរ ។
កម្មករសំណង់បាននិយាយថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាគុបចង្កៀងមូលអត់ស្លាកលេខ ត្រឡប់មកពីលេងផ្ទះកូននៅម្ដុំផ្សារដីហុយ ខណ្ឌសែនសុខ ឆ្ពោះទៅកាន់ការដ្ឋានសំណង់នៅខណ្ឌដង្កោវិញ ។ ខណៈនោះគាត់បានបើកបរម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុបនបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ប្រមូលសំរាម MIZUDA បើកបរក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ខណៈនោះរថយន្តខាងលើបានកិនអូសទាំងមនុស្សនិងម៉ូតូផ្ទប់ជាមួយសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុរសរងគ្រោះបែកក្បាលខ្ទេច ដាច់ត្រឹម ក និងបាក់ដៃ បាក់ជើងស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មករថយន្តបង្កខាងលើនោះបានបុកឡើងលើសួនពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាកសញ្ញាបាក់អស់១ដើមទៀត ទើបទៅមុខលែងរួច បន្ទាប់មកអ្នកបើកបរថយន្តខាងលើបានចុះរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភព ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិីព្រៃស និងនគរបាលខណ្ឌដង្កោ ព្រមទាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រួចប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ