ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​រិះ​គន់​រុស្ស៊ី​ខ្លាំងៗ​នៅ​ថ្ងៃ​ខួប​៤០​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​ឆេះ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ឆឺណូប៊ីល

1 នាទី មុន

ទី​ក្រុង​កៀវ​៖ នៅ​ថ្ងៃ​រំលឹក​ខួប​ទី៤០​ឆ្នាំ​​នៃ​សោក​នាដ​កម្ម​ឆេះ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ឆឺណូប៊ីល​ (Chernobyl) កាល​ពី​ឆ្នាំ​១៩៨៦ (កាល​ណោះ​អ៊ុយ​ក្រែន​ជា​ផ្នែក​មួយ​នៃ​សហ​ភាព​សូវៀត) ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី បាន​និយាយ​រិះ​គន់​រុស្ស៊ី​យ៉ាង​ចាស់​ដៃ​។ ប្រជា​ជន​អ៊ុយ​ក្រែន​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​រំលឹក​ទៅ​ដល់​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​ដែល​ពិភព​លោក​ចាត់​ទុក​ជា​គ្រោះ​មហន្ត​រាយ​ផ្នែក​នុយ​ក្លេអ៊ែរ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ពិភព​លោក​​​។​ ពោល​គឺ​ជា​វិនាស​កម្ម​ធំ​ជាង​ការ​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​នៅ​ហ៊ី​រ៉ូស៊ីម៉ា…

ទី​ក្រុង​កៀវ​៖ នៅ​ថ្ងៃ​រំលឹក​ខួប​ទី៤០​ឆ្នាំ​​នៃ​សោក​នាដ​កម្ម​ឆេះ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ឆឺណូប៊ីល​ (Chernobyl) កាល​ពី​ឆ្នាំ​១៩៨៦ (កាល​ណោះ​អ៊ុយ​ក្រែន​ជា​ផ្នែក​មួយ​នៃ​សហ​ភាព​សូវៀត) ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី បាន​និយាយ​រិះ​គន់​រុស្ស៊ី​យ៉ាង​ចាស់​ដៃ​។ ប្រជា​ជន​អ៊ុយ​ក្រែន​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​រំលឹក​ទៅ​ដល់​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​ដែល​ពិភព​លោក​ចាត់​ទុក​ជា​គ្រោះ​មហន្ត​រាយ​ផ្នែក​នុយ​ក្លេអ៊ែរ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ពិភព​លោក​​​។​ ពោល​គឺ​ជា​វិនាស​កម្ម​ធំ​ជាង​ការ​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​នៅ​ហ៊ី​រ៉ូស៊ីម៉ា និង​ណា​ហ្កា​សាគី​ទៅ​ទៀត​។

ពួក​អ៊ុយ​ក្រែន​ប្រមូល​ផ្ដុំ​គ្នា​រំលឹក​ទៅ​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​ជន​ជាតិ​របស់​ខ្លួន​ដែល​បាន​ធ្វើ​អនិច្ច​ធម្ម​​​ទៅ​កាន់​បរ​លោក​ដោយ​សារ​ហេតុ​ការណ៍បែក​ធ្លាយ​សារ​ធាតុ​វិទ្យុ​សកម្ម​​​ចេញ​ពី​រោង​ចក្រ​នៅ​ក្នុង​គ្រា​នោះ​ រួម​ជា​មួយ​មនុស្ស​រាប់​សែន​នាក់​ទៀត​ដែល​រង​គ្រោះ​ដោយ​សារ​ត្រូវ​ចំហាយ​វិទ្យុ​សកម្ម​ក្រោយ​ហេតុ​ការណ៍​នោះ​។ លោក​ហ្សេឡិនស្គី​ចោទ​ប្រកាន់​ថា​រុស្ស៊ី​នៅ​តែ​បន្ត​នូវ​​អ្វី​ដែល​លោក​ហៅ​ថា​ «អំពើ​ភេរវ​កម្ម​នុយ​ក្លេ​អ៊ែរ» ដោយ​បង្ហោះ​ដ្រូន​ពី​លើ​ដែន​អាកាស​នៃ​ទី​តាំង​ដែល​ធ្លាប់​ឆេះ​រោង​ចក្រ​នោះ​។

លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​អំពើ​ឈ្លាន​ពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែន​ជា​ការ​រុញ​ច្រាន​ពិភព​លោក​ទៅ​រក​មាត់​ជ្រោះ​នៃ​មហន្ត​រាយ​ដែល​បង្ក​ឡើង​ដោយ​ស្នា​ដៃ​របស់​មនុស្ស​។ ហ្សេឡិនស្គី​កត់​សម្គាល់​ថា​ដ្រូន​របស់​រុស្ស៊ី​តែង​តែ​ហោះ​ហើរ​រំលង​ទី​តាំង​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ឆឺណូប៊ីល​នោះ​ជា​ប់​ជា​ប្រចាំ​។ មាន​ករណី​ម្ដង​នោះ​កាល​ពី​ឆ្នាំ​មុន ដ្រូន​​១​​គ្រឿង​វាយ​​ប្រហារ​ចំ​គម្រប​ការ​ពារ​របស់​រោង​ចក្រ​នេះ​ថែម​ទៀត​ផង​។ ហេតុ​នេះ វា​​បង្ក​ជា​ហានិ​ភ័យ​នៃ​ការបែក​​ធ្លាយ​​សារ​ធាតុ​វិទ្យុ​សកម្ម​។

ហ្សេឡិនស្គី​ថ្លែង​បន្ត​ទៀត​ថា​ពិភព​លោក​មិន​ត្រូវ​បណ្ដោយ​ឱ្យ​អំពើ​ភេរវកម្ម​នុយ​ក្លេអ៊ែរ​នេះ​កើត​ឡើង​ជា​បន្ត​ទៀត​ឡើយ​។ វិធី​ដែល​ប្រសើរ​បំផុត​គឺ​បង្ខំ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ទង្វើ​ដ៏​ខ្ជី​ខ្ជា​​របស់​ខ្លួន​​។ ទន្ទឹម​នឹង​ពេល​ដែល​អ៊ុយ​ក្រែន​រំលឹក​ខួប​៤០​ឆ្នាំ​ បើ​គេ​ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​នៅ​ទី​ក្រុង​ស្លា​វូ​ទីច (Slavutych) ឯណោះ​វិញ​ ប្រជា​ជន​អ៊ុយ​ក្រែន​​ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​តាំង​ពី​យប់​ថ្ងៃ​សៅរ៍​ដើម្បី​គោរព​ដួង​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ពលី​ជីវិតនៅ​ពេល​​​បោស​សម្អាត​កាក​សំណល់​វិទ្យុ​សកម្ម​ក្រោយ​ហេតុ​ការណ៍​ឆេះ​រោង​ចក្រ​​ និង​ក៏​គោរព​ដួង​​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​អំឡុងពេល​​ឆេះ​រោង​ចក្រ​ផង​ដែរ​​។

​សូម​ជម្រាប​ថា​ក្រោយ​ហេតុ​ការណ៍​ឆេះ​រោង​ចក្រ​នៅ​ឆឺណូប៊ីល​ឆ្នាំ​១៩៨៦ សហ​ភាព​សូវៀត​បាន​ប្រមូល​កម្លាំង​ពី​ក្នុង​ចំណោម​កង​ទ័ព​, ភ្នាក់​ងារអគ្គិ​ភ័យ, កម្ម​ករ​អណ្ដូង​រ៉ែ, គ្រូ​ពេទ្យ​ និង​វិស្វ​ករ​ដែល​រស់​នៅ​ក្នុង​រដ្ឋ​ចំណុះ​របស់​ខ្លួន​​ដើម្បី​ឱ្យ​ពួក​គេ​បំពេញ​ការ​ងារ​​បោស​សម្អាត​សារ​ធាតុ​វិទ្យុ​សកម្ម​ដែល​សាយ​ភាយ​​នៅ​លើ​​ដី និង​នៅ​លើ​អាកាស​​។ ពួក​គេ​មាន​គ្នា​៦​សែន​នាក់​បំពេញ​ការ​ងារ​ប្រឈម​នឹង​សារ​ធាតុ​វិទ្យុ​សកម្ម​​កម្រិត​ខ្ពស់​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ