ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ថា​អ៊ីរ៉ង់​អាច​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​បើ​ពួក​គេ​ចង់​ចរ​ចា​គ្នា​បញ្ចប់​សង្គ្រាម

1 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​​ថា​ប្រទេស​អ៊ីរ៉ង់​អាច​ទាក់​ទង​ទៅ​អាមេរិក​បាន​ប្រសិន​បើ​ពួក​គេ​ចង់​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox) ថា​ប្រសិន​បើ​ពួក​គេ​​ចង់​ចរ​ចា​គ្នា ​ពួក​គេ​អាច​ធ្វើ​ដំណើរ​មក​ជួប​យើង​​​ ឬ​មិន​អីចឹង​ទេ​ ពួកគេ​អាច​ហៅ​ទូរ​ស័ព្ទ​មក​រក​យើង​ក៏​បាន​ដែរ​។ អ្នក​ដឹង​ទេ​ ទូរ​ស័ព្ទ​មាន​ស្រាប់​ហើយ​ទេ​តើ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ថ្លែង​​ថា​ប្រទេស​អ៊ីរ៉ង់​អាច​ទាក់​ទង​ទៅ​អាមេរិក​បាន​ប្រសិន​បើ​ពួក​គេ​ចង់​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ (Fox) ថា​ប្រសិន​បើ​ពួក​គេ​​ចង់​ចរ​ចា​គ្នា ​ពួក​គេ​អាច​ធ្វើ​ដំណើរ​មក​ជួប​យើង​​​ ឬ​មិន​អីចឹង​ទេ​ ពួកគេ​អាច​ហៅ​ទូរ​ស័ព្ទ​មក​រក​យើង​ក៏​បាន​ដែរ​។ អ្នក​ដឹង​ទេ​ ទូរ​ស័ព្ទ​មាន​ស្រាប់​ហើយ​ទេ​តើ​។ យើង​មាន​ខ្សែ​ទូរ​ស័ព្ទ​ដែល​ល្អ និង​មាន​ប្រព័ន្ធ​សន្តិ​សុខ​គ្រប់​គ្រាន់​។

កាល​ពី​ម្សិល​មិញ​ លោក​ត្រាំ​ស្រាប់​តែ​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​របស់​បេសក​ជន​ពិសេស​របស់​លោក​គឺ​លោក​ស្ទីវ​វីត​ខូស និង​កូន​ប្រសា​របស់​លោក​ទៅ​ទី​ក្រុង​ឥស្លាម​ម៉ា​បាត ប្រទេស​ប៉ាគី​ស្ថាន​ ក្រោម​ហេតុ​ផល​ថា​នៅ​ក្នុង​ផ្ទៃ​ក្នុង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់​អ៊ីរ៉ង់ពោរ​ពេញ​ដោយ​ភាព​រញ៉េ​រញ៉ៃ​ មិន​ដឹង​ថា​នរណា​ជា​មេ​កោយ​ពិត​ប្រាកដ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ់ង់​បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ប៉ាគីស្ថាន​ និង​ពិភាក្សា​ការ​ងារ​មួយ​ចំនួន​រួច​ហើយ​ លោក​ក៏​បន្ត​ដំណើរ​ទៅ​ប្រទេស​អូម៉ង់​។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ លោក​ត្រាំ​ប្រកាស​ថា​អំណឹះ​ត​ទៅ​ លោក​ឈប់​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ចរ​ចា​ជា​មួយ​អ៊ីរ៉ង់​ទៀត​ហើយ​។ ដូច​លោក​ជម្រាប​ជូន​ពី​ខាង​លើ​អីចឹង​គឺ​ថា​បើ​ចង់​ចរ​ចា​គ្នា​ អ៊ីរ៉ង់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​អាមេរិក ឬ​ហៅទូរ​ស័ព្ទ​ទៅ​អាមេរិក​តែ​ម្ដង​។​ លោក​ថា​​យើង​អាច​ចរ​ចា​គ្នា​បាន​តាម​ចិត្ត​ពួក​គេ​ចង់​។ ប៉ុន្តែ​យើង​លែង​បញ្ជូន​គណៈ​ប្រតិ​ភូ​ធ្វើ​ដំណើរ​រយៈ​ពេល​១៨​ម៉ោង​ទៅ​ជួប​គ្នា​ដូច​កាល​ពី​មុន​ទៀត​ហើយ​។

លោក​ត្រាំ​ថ្លែង​ថា​លោក​សូម​សម្ដែង​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ចំពោះ​ប្រទេស​ប៉ាគីស្ថាន​ដែល​តែង​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ចរ​ចា​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​។ លោក​ថា​ប៉ាគីស្ថាន​នៅ​តែ​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ជា​និច្ច​។ លោក​ត្រាំ​សូម​បញ្ជាក់​ជា​ថ្មី​ថា​អ៊ីរ៉ង់​មិន​អាច​មាន​អា​វុធ​នុយ​ក្លេអ៊ែរ​ជា​ដាច់​ខាត​។ ហេតុ​នេះ​ បើ​ពួក​គេ​ចង់​ចរ​ចា​គ្នា​ ពួក​គេ​អាច​ទាក់​ទង​តាម​ទូរ​ស័ព្ទ​មក​យើង​។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ ពួក​គេ​យល់​ច្បាស់​ណាស់​ថា​អ្វី​ដែល​ជា​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យ​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​។ នោះ​ជា​រឿង​ងាយ​ស្រួល​បំផុត​៖ ពួក​គេ​មិន​អាច​មាន​អាវុធ​នុយ​ក្លេអ៊ែរ​។ បើ​មិន​ដូច្នេះ​ទេ​ យើង​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ជួប​គ្នា​ទេ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ