ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងព្យុងយ៉ាងចំពោះទីក្រុងម៉ូស្គូដោយឥតងាករេនៅក្នុងសង្គ្រាមអ៊ុយក្រែន។ លោកសច្ចាថានឹងជួយជ្រោមជ្រែង និងទំនុកបម្រុងគ្រប់សព្វបែបយ៉ាងដើម្បីទទួលជ័យជម្នះនៅក្នុងអ្វីដែលលោកហៅថាជា «សង្គ្រាមដ៏ពិសិដ្ឋ»។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានជាផ្លូវការរបស់រដ្ឋកូរ៉េខាងជើង។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជូនទៅឱ្យរុស្ស៊ីនូវគ្រាប់មីស៊ីល គ្រាប់រំសេវដទៃទៀត និងទាហានរាប់ពាន់នាក់ដើម្បីជួយរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ ក្រុមអ្នកវិភាគយល់ថាជាការតបស្នងត្រឡប់ទៅវិញ រុស្ស៊ីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា ស្បៀងអាហារ និងថាមពល (ប្រេង, ហ្គាស។ល។) ទៅឱ្យប្រទេសឯកោនិយមផ្នែកការទូតមួយនេះ (កូរ៉េខាងជើង)។

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញថាមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាហូរហែ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកអានដ្រេ បេឡូសូហ្វ (Andrey Belousov) ទើបតែជួបលោកគីមជុងអ៊ុនកាលពីថ្ងៃអាទិត្យ។ លោកគីមបានជម្រាបប្រាប់ប្រមុខការពារជាតិរុស្ស៊ីថាកូរ៉េខាងជើងនឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះនយោបាយរបស់រុស្ស៊ីក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសន្តិសុខរបស់ខ្លួន។

លោកគីមមានជំនឿថាកងទ័ពរុស្ស៊ី និងប្រជាជនរុស្ស៊ីប្រាកដជាទទួលជ័យជម្នះនៅក្នុងសង្គ្រាមដ៏ពិសិដ្ឋដើម្បីយុត្តិធម៌មួយនេះ។ ភាគីទាំង២ថ្លែងថាគណៈប្រតិភូរបស់ពួកគេបានពិភាក្សាគ្នាស៊ីជម្រៅអំពីទំនាក់ទំនងយោធា។ ក្នុងនោះ លោកបេឡូសូហ្វអះអាងថាទីក្រុងម៉ូស្គូត្រៀមខ្លួនចុះហត្ថលេខាលើផែនការនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាចាប់ពីឆ្នាំ២០២៧ដល់ឆ្នាំ២០៣១៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ