ខេត្តស្វាយរៀង ៖ មហាជនមានការព្រួយបារម្ភអំពីគុណភាពផ្លូវគ្មានស្តង់ដា ក្រោយដាក់ដេញថ្លៃគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក១ខ្សែត្រូវបានក្រុមហ៊ុនដាក់សំណើដេញថ្លៃ ដែលគេហៅថា ដេញថ្លៃប្រកាប់ប្រចាក់យកងាប់យករស់បញ្ចុះតម្លៃរហូតដល់ក្រោម៣០ភាគរយ គឺទាបបំផុតមិនធ្លាប់មានកន្លងមក ។
ទោះបីយ៉ាងណា ប្រជាពលរដ្ឋអបអរសាទរចង់បានផ្លូវមកប្រើប្រាស់ ក៏ប៉ុន្តែក៏មានការព្រួយបារម្ភអំពីគុណភាពផ្លូវ ដោយអ្នកជំនាញបច្ចេកទេសលើកឡើងថា អ្នកទទួលការដាក់តម្លៃទាបរហូតក្រោម៣០ភាគរយគឺពិបាកក្នុងការអនុវត្តឲ្យបានតាមស្តង់ដាបច្ចេកទេសខ្លាំងណាស់ ស្រួលមិនស្រួល ធ្វើរួចរលាយបាត់តាមក្រោយ ។
ការដាក់គម្រោងដេញថ្លៃនេះកើតឡើងនៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៦ នៅសាលាឃុំអង្គប្រស្រែស្រុករមាសហែក ។
លោកប្រធានក្រុមប្រឹក្សាឃុំនិងជាប្រធានលទ្ធកម្មឃុំអង្គប្រស្រែបានប្រាប់អ្នកសារព័ត៌មានយើងថា រដ្ឋបាលឃុំអង្គប្រស្រែ បានដាក់គម្រោងដេញថ្លៃកែលម្អផ្លូវដី ក្រាលថ្មបំបែក១ខ្សែ ប្រវែង១,៨៩៨ម៉ែត្រទទឹងផ្លូវដី០៦ម៉ែត្រក្រាលថ្មបំបែកទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាក់លូទោលកាត់ផ្លូវ០៤កន្លែង មុខកាត់០,៦០ម៉ែត្រ ប្រវែង០៦ម៉ែត្រនិងដាក់ស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន១៧០,៤០២,៥៧៤រៀល មានក្រុមហ៊ុនចូលរួមដាក់សំណើរដេញថ្លៃចំនួន០៨ក្រុមហ៊ុន លទ្ធផលគឺបានទៅលើក្រុមហ៊ុនសុខ សុគន្ធា ដាក់តម្លៃ៤១,១៧១,៦២០រៀលគឺតម្លៃទាបដែលគួរឱ្យហួសចិត្ត ។
លោកប្រធានលទ្ធកម្មឃុំអង្គប្រស្រែបន្តទៀតថា ក្នុងនាមលោកជាតំណាងឲ្យប្រជាពលរដ្ឋ គឺត្រេកអរជាខ្លាំង ដោយគម្រោងកែលម្អផ្លូវ១ខ្សែនេះបានដាក់ដេញថ្លៃ ហើយមានក្រុមហ៊ុនជាច្រើនបានមកចូលរួមដាក់សំណើរដេញថ្លៃ ជាក់ស្តែងដល់ម៉ោងដាក់សំណើរ គឺមានចំនួន០៨ក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃ ដូច្នេះក្រុមការងាររីករាយនៃដំណើរការដាក់ដេញថ្លៃនៅព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៦នេះ លទ្ធផលក្រុមហ៊ុនទទួលការដាក់តម្លៃទាបរហូតក្រោម៣០ភាគរយ។
មហាជនលើកឡើងថាផ្លូវ១ខ្សែនេះប្រវែង១,៨៩៨ម៉ែត្រ តម្លៃប៉ាន់ស្មាន១៧០,៤០២,៥៧៤រៀល ក្រុមហ៊ុនសុខ គន្ធា ដាក់តម្លៃទាបបំផុតគឺ តម្លៃ៤១,១៧១,៦២០រៀល ក្រោម៣០ភាគរយ (៣០%)ដូច្នេះថវិកាដែលនៅសល់ពីការដេញថ្លៃចំនួន១២៩,២៣០,៩៥៤រៀល។
គឺក្រុមការងារម្ចាស់គម្រោងរដ្ឋបាលឃុំអង្គប្រស្រែបានសម្រេចបន្តគម្រោងឲ្យក្រុមហ៊ុនទទួលការ ទទួលគម្រោងកែលម្អផ្លូវក្រាលថ្មបំបែកបន្ថែម និងស្នើសុំឯកឧត្តមអភិបាលខេត្តសម្រេច។ក្នុងនាមអាជ្ញាធររដ្ឋបាលឃុំអង្គប្រស្រែ និងប្រជាពលរដ្ឋអបអរសាទរ។
ក្នុងឱកាសដេញថ្លៃនោះដែរ មន្ត្រីលទ្ធកម្មស្រុករមាសហែកបានមានមតិណែនាំដល់ក្រុមហ៊ុនដែលចូលរួមដាក់សំណើរដេញថ្លៃ ត្រូវគោរពគោលការណ៍បច្ចេកទេសនៃកិច្ចសន្យា អ្នកទទួលការអនុវត្តគម្រោងទៅតាមស្តង់ដាបច្ចេកទេស ផ្លូវមានគុណភាព។
មហាជនព្រួយបារម្ភអំពីគុណភាពផ្លូវខ្លាចមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនិងស្នើសុំឲ្យម្ចាស់គម្រោងនិងមន្ត្រីលទ្ធកម្មមេត្តាបន្តតាមដានគ្រប់ដំណើរការអនុវត្តគម្រោងដើម្បីទទួលផ្លូវដែលមានគុណភាពហើយថវិកានៅសល់១២៩,២៣០,៩៥៤រៀលមិនគួរចចារឲ្យទៅក្រុមហ៊ុនទទួលការទទួលយកទៅអនុវត្តបន្ថែមទេ ឝួរតែដាក់ដេញថ្លៃជាថ្មី សម្រាប់កែលម្អផ្លូវ ដែលត្រូវកែលម្អរទីតាំងផ្សេងទៀត ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ