ខេត្តសៀមរាប ៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលមានប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ ដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរាបានប្រកាសនារសៀលថ្ងៃទី២៧ ខែមេសានេះ ។
លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុល បានឱ្យដឹងថា ជញ្ជាំងថ្មបាយក្រៀម របស់កំពែងក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ បានទទួលរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់ ។

ចំពោះរចនាសម្ពន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរ ដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ ។ រីឯកាំជណ្តើររងបញ្ហាទឹកហូរច្រោះធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ហើយបាត់ស្លាកស្នាមរូបរាងកាំជណ្តើរ និងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើម ។ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់ ។
លោក ម៉ៅ សុខនី ឱ្យដឹងថា ដំណាក់កាលសំខាន់ៗនៃការជួសជុលកំពែងរបស់ក្រុងអង្គរធំ នៅផ្នែកខាងត្បូង ឆៀងខាងលិចខ្លោងទ្វារទន្លេអុំ ជាដំបូង គឺត្រូវចាប់ផ្ដើមពីការសម្អាតបរិវេណការដ្ឋាន ដាក់ស្លាកសញ្ញាហាមចូលធ្វើរបងការពារ ដើម្បីសុវត្ថិភាពភ្ញៀវដែលឆ្លងកាត់ខ្លោងទ្វារនេះជាមុនសិន ។
បន្ទាប់មកមានការធ្វើកំណាយ ដើម្បីសិក្សាឱ្យច្បាស់លាស់ពីរចនាសម្ពន្ធគ្រឹះ សម្រង់ប្លង់ចុះបញ្ជីលេខថ្មដែលនៅរាយប៉ាយ ហើយយកទៅដាក់ទីតាំងដើម ។ ចំពោះថ្មណា ដែលមិនទាន់ស្គាល់ទីតាំង គឺយកទៅរក្សាទុកមួយកន្លែង ដើម្បីឱ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត ព្រមទាំងរៀបចំទីតាំងដាក់គ្រឿងចក្រ និងធ្វើរោងយាមសម្រាប់ការពារសម្ភារៈនៅទីនេះ ។ ការជួសជុលកំពែងរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចខ្លោងទ្វារទន្លេអុំ គឺចាប់ផ្ដើមពីដើមខែមេសា ឆ្នាំ២០២៦ ដោយចំណាយរយៈពេលប្រហែល៦ខែ ទើបអាចបញ្ចប់ ។
ការងារជួសជុលនេះ គឺក្រុមការងារបានអនុវត្តទៅតាមបច្ចេកទេស ដោយមានការទល់ទ្រពេលរើជញ្ជាំង ហើយនៅតាមកន្លែងណា ដែលមានបញ្ហាហែក គឺត្រូវរឹតកុំឱ្យទឹកហូរច្រោះជាដើម ។ រើស្រទាប់ថ្មជញ្ជាំងបាយក្រៀមណា ដែលហែកក្រៀកម្តងមួយស្រទាប់ៗ ហើយត្រូវរៀបឡើងវិញ ។ ប្រសិនបើគ្រឹះមានបញ្ហា គឺត្រូវជួសជុលទាំងគ្រឹះ រួចហើយបន្តជួសជុលជញ្ជាំង ឱ្យរត់ត្រង់ជាមួយខ្លោងទ្វារ ។ ចំណែកកាំជណ្តើរថ្មបាយក្រៀមនឹងរៀបចំឡើងវិញ ដើម្បីជួយទប់ដីកុំឱ្យទឹកភ្លៀងហូរច្រោះ ។
កំពែងក្រុងអង្គរធំ ជាសំណង់បុរាណសម្រាប់ការពាររាជធានីដ៏ស្កឹមស្កៃ ប្រវែង៣គីឡូម៉ែត្រក្នុងមួយជ្រុងៗ កម្ពស់ប្រមាណ៨ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ កសាងឡើងតាំងពីចុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ កំពែងនេះ តំណាងឱ្យជញ្ជាំងថ្មការពារផែនដី និងមានខ្លោងទ្វារចំនួន៥ចូលឆ្ពោះមករាជធានី ៕ អត្ថបទ ៖ ឆាយ ផាន់នី






ចែករំលែកព័តមាននេះ