មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការក្ដៅគគុក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃឡង់។

ក្នុងបេសកកម្មរយៈពេល៤ថ្ងៃនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីឧទ្យានុរក្សចំនួន៣២រូប, កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង, រដ្ឋបាលស្រុក ឃុំអន្លង់ភេ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ។ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានមានប្រសាសន៍ថា ក្នុងប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ និងសារសំខាន់នៃការអភិរក្សប្រតិបត្តិការនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិច្ចការងារដ៏មានសារសំខាន់ក្នុងគោលដៅធំៗចំនួន៣៖ ១-ការរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ី ធានាឱ្យប្រព័ន្ធអេកូឡូស៊ីមានស្ថេរភាព និងការពារជីវចម្រុះឱ្យជៀសផុតពីការផុតពូជ ជាពិសេស ប្រភេទសត្វ និងរុក្ខជាតិកម្រៗនៅក្នុងតំបន់ព្រៃឡង់ ។

២-ការគ្រប់គ្រងធនធានឱ្យមានប្រសិទ្ធភាព ដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងទប់ស្កាត់ការបំពុលខ្យល់ ទឹក និងដី ដែលជាប្រភពនៃការទ្រទ្រង់ជីវិតមនុស្ស។៣. ការជំរុញសេដ្ឋកិច្ច និងគុណភាពជីវិតការការពារព្រៃឈើ និងធនធានធម្មជាតិ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ ដែលនាំមកនូវសុភមង្គល និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋក្នុងប្រធានបទ «ការចូលរួមការពារធនធានធម្មជាតិនៅថ្ងៃនេះ គឺជាការធានានូវដង្ហើមជីវិត និងសេដ្ឋកិច្ចបៃតងសម្រាប់ថ្ងៃអនាគត»។

អ្នកអង្កេតការណ៍បានលើកឡើងដែរថា ប្រតិបត្តិការនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ក្នុងការការពារ «សួតនៃផែនដី» និងការអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕







ចែករំលែកព័តមាននេះ