ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​ស្លា.ប់​១៦​នាក់​នៅ​ថ្ងៃ​ខួប​៤០​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​​ឆេះ​រោង​ចក្រ​នុយ​ក្លេអ៊ែរ

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ នៅ​ថ្ងៃ​ខួប​ទី​៤០​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​ឆេះ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ឆឺណូប៊ីល (Chernobyl) រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់​។ ទន្ទឹម​នឹង​នោះ​ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី និង​ទី​ភ្នាក់​ងារ​អាតូមិច​អន្ត​រជាតិ (IAEA)…

ទី​ក្រុង​កៀវ៖ នៅ​ថ្ងៃ​ខួប​ទី​៤០​ឆ្នាំ​នៃ​ព្រឹត្តិ​ការណ៍​ឆេះ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ឆឺណូប៊ីល (Chernobyl) រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់​។ ទន្ទឹម​នឹង​នោះ​ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី និង​ទី​ភ្នាក់​ងារ​អាតូមិច​អន្ត​រជាតិ (IAEA) ព្រមាន​ថា​មហន្តរាយ​នុយ​ក្លេអ៊ែរ​អាច​នឹង​កើត​ឡើង​សា​ជា​ថ្មី​។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​អះ​អាង​ថា​កាល​ពី​ចុងសប្ដាហ៍​កន្លង​ទៅ​នេះ រុស្ស៊ី​វាយ​ប្រហារ​លើ​ច្រើន​កន្លែង​។​ ក្រៅ​ពី​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​ មនុស្ស​ជា​ច្រើន​ទៀត​រង​របួស​។​

ស្រមោល​ខ្មៅ​ងងឹត​ពី​អតីត​កាល​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ​ដោយ​សារ​ការ​សាយ​ភាយ​សារ​ធាតុ​វិទ្យុ​សកម្ម​ចេញ​ពី​រោង​ចក្រ​នៅ​ឆឺណូប៊ីល​នៅ​តែ​តាម​លង​បន្លាច​អ៊ុយ​ក្រែន​នៅ​ឡើយ​ទេ​។ លោក​ហ្សេឡិន​ស្គី​អះ​អាង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​ទៅវាយ​ប្រហារ​​លើ​ទី​តាំង​​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រោង​ចក្រ​នោះ​​ទេ​។ មាន​ករណី​ម្ដង​នោះ​កាល​ពី​ឆ្នាំ​២០១៥ ដ្រូន​មួយ​គ្រឿង​បាន​វាយ​ប្រហារ​​គម្រប​ការ​ពារ​រោង​ចក្រ​។

នៅ​ទី​ក្រុង​អូដេសា​ (Odessa) រុស្ស៊ី​វាយ​ប្រហារ​កាល​ពី​​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​ទៅ​លើ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ជា​ច្រើន​កន្លែង​រួម​ទាំង​សណ្ឋាគារ​មួយ​កន្លែង​ផង​ដែរ​បណ្ដាល​ឱ្យ​មនុស្ស​១១​នាក់​រង​របួស​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​។ កាល​ពី​មួយ​ថ្ងៃ​មុន​នោះ ដ្រូន​ និង​មីស៊ីល​របស់​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ឌីនី​ប្រូ (Dnipro) បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៩​នាក់​។ នេះ​បើ​យោង​តាម​អភិបាល​តំបន់​នេះ​ លោក​អូឡិច​សាន់​ដឺ ហាន់​ហ្សា​ (Oleksandr Hanzha)​។

នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​លើ​តំបន់​ដូញ៉ែត,​ ខឺសុន, ហ្សា​ប៉ូ​រី​ហ្សៀ, ស៊ូមី និង​ឌីនីប្រូ​ប៉េ​ត្រូស​ មនុស្ស​យ៉ាង​តិច​៨​នាក់​បាន​ស្លាប់​។ ក្រៅ​ពី​នេះ មនុស្ស​យ៉ា​ងតិច​២៤​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​ដដែល​នេះ​។ ​រុស្ស៊ី​ក៏​រង​ការ​វាយ​ប្រហារ​ពី​អ៊ុយ​ក្រែន​ផង​ដែរ​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែន​ថ្លែង​ថា​កាល​ពី​ថ្ងៃ​អាទិត្យថា​​យោធា​របស់​ខ្លួន​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​ឆៅ​របស់​រុស្ស៊ី​​នៅ​យ៉ា​រ៉ូស្លាវ (Yaroslavl) ដែល​ស្ថិត​នៅ​ជ្រៅ​​​ក្នុង​ទឹក​ដី​រុស្ស៊ី​។ ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​នោះ​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។

រោង​ចក្រ​នេះ​ចម្រាញ់​ប្រេង​១៥​លាន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​ទៅ​ជា​សាំង, ម៉ាហ្ស៊ូត និង​សាំង​យន្ត​ហោះ​​សម្រាប់​ផ្គត់​ផ្គង់​យោធា​រុស្ស៊ី​។ អំពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែន​នោះ​ លោក​ហ្សេឡិនស្គី​ចង់​យក​​ឱកាស​នេះ​ក្រើន​រំលឹក​អំពី​ហានិ​ភ័យ​នៃ​មហន្ត​រាយ​នុយ​ក្លេ​អ៊ែរ​។ លោក​ថ្លែង​ថា​ប្រទេស​រុស្ស៊ី​ជា​ថ្មីម្ដង​ទៀត​បាន​រុញ​ច្រាន​ពិភព​លោក​ទៅ​រក​មាត់​ជ្រោះ​មរណៈ​នៃ​មហាន្ត​រាយ​នុយ​ក្លេ​អ៊ែរ​ដោយ​ស្នា​ដៃ​មនុស្ស​​ (man-made)។ ដូច​នេះ លោក​យល់​ថា​ពិភព​លោក​មិន​អាច​បណ្ដោយ​ឱ្យ​ «អំពើ​ភេរវកម្ម​នុយ​ក្លេអ៊ែរ​» កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ទេ​។ វិធី​ល្អ​បំផុត​គឺ​បង្ខំ​​ឱ្យ​រុស្ស៊ី​បោះបង់​ចោល​ទង្វើ​ខ្ជីខ្ជា​របស់​ខ្លួន​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ