ទីក្រុងតេហេរ៉ង់៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ចំពេលដែលមជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពដ៏តានតឹងបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី២៧ ខែមេសានេះ។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA លោក ពូទីន បានបង្ហាញក្ដីសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់នឹងអាចឆ្លងផុត “ដំណាក់កាលដ៏លំបាក” នេះ ហើយលោកចង់ឃើញសន្តិភាពកើតមានឡើងវិញនៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយនេះ។
ក្នុងជំនួបនោះ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបម្រើដល់ផលប្រយោជន៍របស់អ៊ីរ៉ង់ ក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់។ ការប្រកាសជំហរគាំទ្រយ៉ាងពេញទំហំរបស់លោក ពូទីន នាពេលនេះ ត្រូវបានគេមើលឃើញថាជាការផ្ញើសារព្រមានទៅកាន់គូសត្រូវរបស់អ៊ីរ៉ង់ និងជាការបង្ហាញពីឥទ្ធិពលរបស់រុស្ស៊ី ក្នុងការដើរតួជាអ្នកធានាសន្តិសុខ និងស្ថិរភាពសម្រាប់តំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្តមិនទាន់ដាច់ស្រេច៕
ចែករំលែកព័តមាននេះ