ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ចុះ​ដោះស្រាយ​ភ្លាម​ៗ ​នូវ​ការ​ទាមទារ​របស់​បងប្អូន​កម្មករ រោងចក្រ អឹ​ម​អិ​ល ដោយ​គិតគូរ​ ពី​អត្ថប្រយោជន៍​របស់​បងប្អូន​កម្មករ​ជា​អាទិភាព

40 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​ថ្នាក់​ក្រសួង និង​ថ្នាក់​មន្ទីរ បាន​ចុះ​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ…

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​ថ្នាក់​ក្រសួង និង​ថ្នាក់​មន្ទីរ បាន​ចុះ​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ ករណី​ក្រុមហ៊ុន អឹ​ម​អិ​ល អ៊ិ​ន​ធី​មេ​ត អឹ​ភែ​រឹល (​ខេ​ម​បូ​ឌា​) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ដបន្ទាយមានជ័យ ដែល​បាន​ប្រកាស​បិទ​ដំណើរការ​ផលិតកម្ម​ទាំងមូល​។ នេះ​បើ​តាម​ការ​បញ្ជាក់ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា​៖ «ក្រោម​ការ​សម្របសម្រួល និង​យកចិត្តទុកដាក់​ដោះស្រាយ​ភ្លាម​ៗ​របស់​មន្ដ្រី​ក្រសួង តាំងពី​ព្រឹក​មក កង្វល់​របស់​បងប្អូន​កម្មករ​ត្រូវ​បាន​ដោះស្រាយ ហើយ​បងប្អូន​កម្មករនិយោជិត​បាន​រំសាយ​មក​ផ្ទះ​វិញ​រៀងខ្លួន ក្រោម​ការ​ជឿជាក់​ក្នុង​ការ​ដោះស្រាយ​របស់​មន្ដ្រី​ជូន​ពួក​គាត់​»​ ។

តាម​រយៈ​កិច្ចចរចា​នេះ ភាគី​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ទូទាត់ ​ជូន​កម្មករ​នូវ​៖​ប្រាក់​ឈ្នួល​លើក​ទី​១៖ បើក​ជូន​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦​។ ប្រាក់​ឈ្នួល​លើក​ទី​២ និង​អត្ថប្រយោជន៍​ផ្សេង​ៗ៖ រួម​មាន​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ក្រោយ​រំលាយ​កិច្ចសន្យា នឹង​ត្រូវ​ទូទាត់​ក្នុង​រយៈពេល ៣​ខែ​បន្ទាប់ ​។

អ្នកនាំពាក្យ​បាន​សង្កត់ធ្ងន់​បន្ថែម​ថា អត្ថប្រយោជន៍​របស់​កម្មករនិយោជិត​មិន​ត្រូវ​បាន​ផាត់​ចោល​ឡើយ ដោយ​ក្រសួង​បាន​ដាក់​លើ​តុ​ជជែក​ជា​អាទិភាព​បំផុត​។ បន្ទាប់​ពី​ទទួល​បានការ​ពន្យល់ និង​ដំណោះស្រាយ​នេះ កម្មករនិយោជិត​បាន​យល់ព្រម និង​ចាប់ផ្ដើម​រំសាយ​ការ​ជួបជុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ ១១:០០ ព្រឹក ​។

ការ​ដោះស្រាយ​ដ៏​លឿន​រហ័ស​និង​មាន​ប្រសិទ្ធភាព​របស់​ក្រសួង​ការងារ ចំពោះ​កម្មករ​កម្មការិនី​យ៉ាង​ដូច្នេះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា​គឺជា​កិច្ច​ការងារ​អាទិភាព​របស់​ក្រសួង​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​កម្មករនិយោជិត ។

ជាមួយ​គ្នា​នេះ ក្រសួង​អំពាវនាវ​ឲ្យ​បងប្អូន​កម្មករ​ដែល​មាន​បំណង​ចង់រក​ការងារ​ទាក់ទង​ប្រព័ន្ធ Hotline ១២៩៧ និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តបន្ទាយមានជ័យ ​៕ អត្ថបទសហការ