ទីក្រុងវ៉ាស៊ីនតោន៖ នៅក្នុងរាត្រីនេះ លោកដូណាល់ត្រាំត្រៀមជជែកគ្នាជាមួយទីប្រឹក្សាសន្តិសុខកំពូលៗរបស់លោកពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានអាមេរិកស្របពេលដែលដំណើរការចរចាជាមួយភាគីម្ខាងទៀតហាក់ដូចជានៅទ្រឹងមួយកន្លែង។ គេហទំព័រអាក់សឺស (Axios) ចុះផ្សាយថាលោកត្រាំត្រៀមពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិ និងក្រុមអ្នករៀបចំគោលនយោបាយការបរទេសដើម្បីចង់ដឹងថាតើត្រូវដាក់ចេញវិធានការអ្វីជាបន្តទៀត។

ទូរទស្សន៍អេប៊ីស៊ីអាមេរិកបានដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក២នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះមកផ្សាយថាលោកត្រាំចង់ពិគ្រោះគ្នាអំពីសំណើថ្មីរបស់អ៊ីរ៉ង់ដែលសឹងតែឈានដល់បន្ទាត់ក្រហមរបស់អាមេរិក។ សំណើនោះនិយាយអំពីការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ និងបិទបញ្ចប់ការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ពីសំណាក់យោធាអាមេរិក។ ដោយឡែក ការចរចាគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរទុកចរចាគ្នានៅវគ្គក្រោយ។

ពីដំបូងដៃ នៅពេលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអារ៉ាក់ឈី ធ្វើដំណើរទៅទីក្រុងឥស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាន មជ្ឈដ្ឋានទូទៅមានសង្ឃឹមថាភាគីទាំង២អាចនឹងមានការចរចាគ្នាគ្នាជាថ្មី។ ប៉ុន្តែនៅទីបំផុត លោកត្រាំសម្រេចថាបេសកជនពិសេសរបស់លោកគឺលោកស្ទីវវីតខូស និងកូនប្រសារបស់លោកមិនចាំបាច់ធ្វើដំណើរទៅជួបគណៈប្រតិភូរបស់អ៊ីរ៉ង់ទេ។ ក្រោយមក លោកត្រាំថ្លែងប្រាប់ទូរទស្សន៍ហ្វក់ (Fox) ថាប្រសិនបើអ៊ីរ៉ង់ចង់ចរចាគ្នា ពួកគេអាចធ្វើដំណើរទៅជួបគ្នានៅអាមេរិក ឬក៏ទាក់ទងគ្នាតាមទូរស័ព្ទក៏បាន។

លោកអារ៉ាក់ឈីដាក់ការស្ដីបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលធ្វើឱ្យខកខានការចរចាគ្នាលើកនេះ។ លោកថ្លែងដូច្នេះបន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះត្រៀមជួបលោកពូទីន និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីមួយចំនួន។ លោកទទួលស្គាល់ថាដំណើរការចរចាគ្នាមានការរីកចម្រើនទៅមុខពិតមែនហើយ។ ក៏ប៉ុន្តែលោកថាអាមេរិកដាក់លក្ខខណ្ឌច្រើនស្អេកស្កះពេក ហើយគ្មានភាពប្រាកដនិយមទៀត (មានន័យថាពិបាកនឹងអនុវត្តជាក់ស្ដែង)។ កត្តានេះហើយដែលលោកយល់ថាពិបាកនឹងសម្រេចឱ្យបានកិច្ចព្រមព្រៀងជាមួយគ្នា៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ