ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជាក់​ពី​គំរូ​អនុវត្ត​ដ៏​ល្អ​ នៃ​ការ​សិក្សា​ផ្អែក​លើ​ការងារ និង​ជំរុញ​ការ​ចល័ត​កម្លាំង​ពលកម្ម​ដោយ​សេរី​ នៅ​ក្នុង​តំបន់​អាស៊ាន ​ដោយ​គ្មាន​ការ​រើសអើង ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​ស្វី​ស

1 នាទី មុន

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គម្រោង​ថ្នាក់​តំបន់ (RPSC) នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​អាស៊ាន​-​ស្វី​ស (ASTI)​។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​បាន​គូសបញ្ជាក់​ពី​គំរូ​ដ៏​ល្អ​នៃ​ការ​អនុវត្ត​ការ​សិក្សា​ផ្អែក​លើ​ការងារ (WBL) របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​កម្លាំង​ពលកម្ម​ក្នុង​បរិបទ​នៃ​បច្ចេកទេស​ទំនើប ដែល​ជា​វឌ្ឍនភាព​ដ៏​សំខាន់​មួយ​នៃ​គម្រោង ASTI​។ កិច្ចប្រជុំ​ចុង​ក្រោយ​ក្នុង​ដំណាក់កាល​ទី​១ (២០២២-២០២៦) នេះ ក៏​ជា​ឱកាស​សម្រាប់​ពិនិត្យ​មើល​សមិទ្ធផល និង​កំណត់​ទិស​ដៅ​អនាគត ដើម្បី​ពង្រឹង​ប្រព័ន្ធ TVET របស់​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​គម្រោង​សម្រេច​បាន​ដោយ GIZ និង​ដៃគូ​អនុវត្ត ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ទី​ភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ​នៅ​កម្ពុជា (SDC), ដៃគូ​អនុវត្ត​, ស្ថាប័ន​អាស៊ាន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​សហការ​រៀបចំ​កិច្ចប្រជុំ​ប្រជុំ​នេះ​ឡើង​ដោយ​ផ្ទាល់​នៅ​សណ្ឋាគារ Sun & Moon និង​តាម​ប្រព័ន្ធ​អន​ឡាញ​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ក្រោម​ភាព​ជា​ដៃគូ​ដ៏​ល្អ​យូរអង្វែង​ផ្នែក​បច្ចេកទេស​នៃ SDC, គម្រោង ASTI បាន​ក្លាយជា​គ្រឹះ​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​រួម​គ្នា​ក្នុង​ការ​បំពេញ​ចន្លោះ​គម្លាត​រវាង​ការ​អប់រំ និង​ទីផ្សារ​ការងារ​ ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ដោយ​ផ្អែក​លើ​មូលដ្ឋាន​ទាំងនេះ ក្រសួង​ការងារ កំពុង​ជំរុញ​ទិស​ដៅ​យុទ្ធសាស្ត្រ​តាម​រយៈ​ការ​បន្ត​កែទម្រង់ និង​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ធ្វើ​ទំនើប​កម្ម TVET ថ្នាក់​ជាតិ​។ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ TVET មួយ​ដែល​រួម​បញ្ចូល​គ្នា និង​ផ្អែក​លើ​ទិន្នន័យ កម្ពុជា​កំពុង​ធានា​ថា ប្រព័ន្ធ​គ្រប់គ្រង និង​ការ​ធានា​គុណភាព នឹង​ដើរតួ​នាទី​ជា​អ្នក​ការពារ​ដ៏​រឹង​មាំ ក្នុង​ដំណើរ​ផ្លាស់​ប្តូរ​ទៅ​កាន់​សម័យកាល​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​បៃតង​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​កំពុង​ជំរុញ​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​នៃ​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ដែល​ជា​ការ​កែទម្រង់​សំខាន់​មួយ ​។

កិច្ចប្រជុំ​នេះ​បាន​បង្ហាញ​ពី​កម្លាំង​នៃ​ការ​រួម​បញ្ចូល​អាស៊ាន ក្នុង​គោលបំណង​សម្របសម្រួល​ស្តង់ដា កសាង​កម្លាំង​ពលកម្ម​តំបន់ និង​ពង្រឹង​ប្រព័ន្ធ TVET ដែល​ជួយ​បង្កើន​ភាព​ធន់ និង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ ក្នុង​នោះ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការ​ចល័ត​កម្លាំង​ពលកម្ម​ដោយ​សេរី​ ក្នុង​តំបន់ គឺជា​និយាម​ដ៏​សំខាន់​សម្រាប់​ដំណើរការ​ពិតប្រាកដ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ប៉ុន្តែ​ទាមទារ​ឱ្យ​មានការ​សម្របសម្រួល​លើ​ផ្នែក​ជំនាញ វិញ្ញាបនបត្រ និង​ស្តង់ដារ​វាង​ប្រទេស​សមាជិក​ឱ្យ​បាន​ស៊ីចង្វាក់​គ្នា ​។ ជាមួយ​គ្នា​នេះ ក្រប​ខណ្ឌ​គុណវុឌ្ឍិ​អាស៊ាន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ថា កម្មករ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​គ្នា មាន​សមត្ថភាព ផលិតភាព និង​សិទ្ធិ​ស្មើគ្នា ដើម្បី​បង្ការ​រាល់​ទម្រង់​នៃ​ការ​រើសអើង​។ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ចាំបាច់​ត្រូវ​មាន​កិច្ចសហការ​យ៉ាង​រឹង​មាំ និង​សកម្ម​បំផុត​រវាង​រដ្ឋាភិបាល ស្ថាប័ន​បណ្តុះបណ្តាល និង​វិស័យ​ឯកជន ​។

ឯកឧត្តម ហេង សួរ សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​ស្មា​តី​សហការ និង​ជោគវាសនា​រួម​នា​ពេល​នេះ​នឹង​ក្លាយជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ដំណាក់កាល​ទី​២ ដែល​មាន​ផល​ជះ​ជា​វិជ្ជមាន​ដ៏​យូរអង្វែង ដោយ​សង្កត់ធ្ងន់​ថា៖ «​យើង​កំពុង​កសាង​បេតិកភណ្ឌ​នៃ​ជំនាញ បេតិកភណ្ឌ​នៃ​ឱកាស និង​បេតិកភណ្ឌ​នៃ​សាមគ្គីភាព ដែល​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន និង​សហគមន៍​ពិភពលោក​»​ ។

នា​ឱកាស​នោះ លោក Reto Grüninger នាយក SDC បាន​លើក​ឡើង​ពី​សារៈសំខាន់​ជាស​កល​នៃ​ប្រព័ន្ធ TVET របស់​ប្រទេស​ស្វី​ស ដែល​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ក្រោម​កិច្ចការ​សហការ​យ៉ាង​រឹង​មាំ​រវាង​រដ្ឋាភិបាល ស្ថាប័ន​អប់រំ និង​និយោជក ដោយ​លោក​បញ្ជាក់​ថា គម្រោង​នេះ ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​តំបន់​ដែល​អនុញ្ញាត​ឱ្យ​កម្មករ​ទទួល​បាន​វិញ្ញាបនបត្រ​ដែល​ទទួលស្គាល់ និង​អាច​ផ្លាស់​ទី​ការងារ​ឆ្លង​វិស័យ​ឧស្សាហកម្ម និង​ប្រទេស​នៅ​ក្នុង​អាស៊ាន​។ ទោះបីជា​មានការ​រីក​ចម្រើន​សំខាន់​ៗ​ក៏​ដោយ ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ពេល​នេះ គឺជា​អាទិភាព​សំខាន់ ដើម្បី​ឱ្យ​ទទួល​បាន​លទ្ធផល​ពិតប្រាកដ ហើយ​ប្រទេស​ស្វី​សនឹង​បន្ត​គាំទ្រ​ដើម្បី​ថែរក្សា និង​ពង្រីក​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ក្នុង​តំបន់​បន្ថែម​ទៀត​ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ (២៨-២៩ ខែមេសា​)​នេះ មាន​អ្នកចូលរួម​តំណាង​មក​ពី លេខាធិការដ្ឋាន​អាស៊ាន​, ATC, SOM-ED, SDC, មន្ត្រី​អាជ្ញាធរ TVET នៅ​កម្ពុជា និង​ឡាវ​, តំណាង​និយោជក និង​ឧស្សាហកម្ម រួម​មាន CAMFEBA, សភាពាណិជ្ជកម្ម​អន្តរជាតិ (IBC) និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាតិ​ឡាវ (LNCCI) ជាដើម​ ៕ អត្ថបទសហការ