ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ទំនើងមើល​មុខ​ឌឺ​គ្នា​ចុះឡើង​ៗ​វាយ​គ្នា​ប្រាវ នគរបាល​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​បាន​៤​នាក់

1 នាទី មុន

រាជធានី​ភ្នំពេញ ​៖ ជន​ទំនើង​២​ក្រុម ​បាន​មើល​មុខ​គ្នា​ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ក៏​ផ្ទុះ​ជម្លោះ រ​ហូ​ឈាន​ដល់​ការ​បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្វាហាប់ បណ្ដាល​ឲ្យ​រង​របួសស្រាល​ទាំង​សងខាង ខណៈនោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ​៖ ជន​ទំនើង​២​ក្រុម ​បាន​មើល​មុខ​គ្នា​ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ក៏​ផ្ទុះ​ជម្លោះ រ​ហូ​ឈាន​ដល់​ការ​បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្វាហាប់ បណ្ដាល​ឲ្យ​រង​របួសស្រាល​ទាំង​សងខាង ខណៈនោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ឃាត់ខ្លួន​គូទំនាស់​ទាំង​សងខាង​បាន​ចំនួន​៤​នាក់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​មុខ​ហាង​លក់​គ្រឿងអលង្ការ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​ទំនើង ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ភាគី​ទី​១ ​មាន​គ្នា​៣​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ទាំងអស់​រួម​មាន ៖
​១-​ឈ្មោះ សុខ ពិសិដ្ឋ អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។
២-​ឈ្មោះ ហាក់ ចឹ​ង អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៣-​ឈ្មោះ អ៊ិ​ន បូ​ណា អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ទាំង​៣​នាក់​នេះ​គឺជា​ភាគី​ម្ខាង ។

ចំណែក​ភាគី​ទី​២ មាន​គ្នា​ចំនួន​១០​នាក់ ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ឌី សំណាង អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ រីឯ​បក្ខពួក​៩​នាក់​ទៀត​កំពុង​គេចខ្លួន​រួម​មាន ៖ ១-​ឈ្មោះ ដាវ សុខលាភ ២-​ឈ្មោះ ដាវ សុខ​ឡា​ង អាយុ​ប្រហែល​១៧​ឆ្នាំ ៣-​ឈ្មោះ អា​ដេ អាយុ​ប្រហែល​១៧​ឆ្នាំ ៤-​ឈ្មោះ អា​ត្រា អាយុ​ប្រហែល​១៩​ឆ្នាំ ៥-​ឈ្មោះ អា​ចិត្រ អាយុ​២២​ឆ្នាំ ៦-​ឈ្មោះ អា​សី អាយុ ប្រមាណ​១៧​ឆ្នាំ និង​០៣​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ កំពុង​គេចខ្លួន ។

នគរបាល​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ភាគី​ទី​១ រួម​មាន​មានឈ្មោះ សុខ ពិសិដ្ឋ​, ឈ្មោះ ហាក់ ចឹ​ង​, និង​ឈ្មោះ អ៊ិ​ន បូ​ណា បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ ឌុ​ប​គ្នា​ទៅ​ទិញ​បារី​នៅផ្ទះ​លក់​ចាប់ហួយ ជិត​កន្លែង​កើតហេតុ ហើយ​ពេល​ទៅ​ដល់​ក៏​បានឃើញ​ភាគី​ទី​២​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ទីនោះ ។ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ដាវ សុខលាភ ដែល​ជា​ភាគ​ទី​២ បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ អ៊ិ​ន បូ​ណា ដែល​ជា​ភាគី​ទី​១ ហើយ​ឈ្មោះ អ៊ិ​ន បូ​ណា ក៏​បាន​ចូល​ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​ឈ្មោះ ដាវ សុខលាភ​នោះ​ដែរ ដោយ​ទុក​ឲ្យ​បក្ខ​របស់​ខ្លួន​២​នាក់​គឺ​ឈ្មោះ​សុខ ពិសិដ្ឋ និង​ឈ្មោះ​ហាក់ ចឹ​ង នៅ​អង្គ​យ​រង់ចាំ​លើ​ម៉ូតូ​នៅ​ខាងក្រៅ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លុះ​ក្រោយមក​ដោយ​អង្គុយ​ចាំ​លើ​ម៉ូតូ​យូរ​ពេក​ឈ្មោះ សុខ ពិសិដ្ឋ ភាគី​ទី​១ ក៏​បាន​អឺត​មើលទៅ​កន្លែង​វង់​ផឹក​ស៊ី​រក​មើល​ឈ្មោះ​អ៊ិ​ន បូ​ណា ដែល​ជា​បក្ខពួក​របស់​ខ្លួន ប៉ុន្តែ​បែរជា​ឃើញ​ជនសង្ស័យ​ឈ្មោះ ដាវ សុខលាភ ដែល​ជា​ភាគី​ទី​២​ទៅ​វិញ ហើយ​អ្នក​ទាំង​២​ ក៏​បាន​សម្លឹង​មើល​មុខ​គ្នា ​និង​ឌឺដង​ដាក់​ទៅ​វិញ​ទៅ​មក ។ ពេល​នោះ​ស្រាប់តែ​ឈ្មោះ ដាវ សុខលាភ ស្ទុះ​ទៅ​យក​កាំបិតប៉័ងតោ​ពី​កន្លែង​លក់​ចាប់ហួយ រត់​ទៅ​កាប់​ឈ្មោះ សុខ ពិសិដ្ឋ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់ និង​ចាប់ដក​យក​កាំបិត​ចេញ ។ បន្ទាប់​មក​ឈ្មោះ សុខ ពិសិដ្ឋ, ឈ្មោះ​អ៊ិ​ន បូ​ណា​, និង​ឈ្មោះ ហាក់ ចឹ​ង (​ភាគី​ទី​១) ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់​ចាប់ហួយ​នោះ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប៉ុន្តែ​គ្រាន់តែ​ជិះ​ចេញ​ផុត​បាន​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ប៉ុណ្ណោះ ក៏​ស្រាប់តែ​ឈ្មោះ ដាវ សុខលាភ, ​ឈ្មោះ ឌី សំណាង, ​ឈ្មោះ ដាវ សុខ​ឡា​ង, ​ឈ្មោះ អា​ដេ, ​ឈ្មោះ អា​ត្រា, ​ឈ្មោះ អា​ចិត្រ, ​ឈ្មោះ អា​សី និង​៣​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ។ បាន​នាំ​គ្នា​ដេញ​តាម​វាយ​ទៅ​លើ​ភាគី​ទី​១ ហើយ​ភាគី​ទាំង​ពីរ​ក្រុម​ ក៏​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​រង​របួសស្រាល​ទាំង​សងខាង បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នោះ​ហើយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក ក៏​បាន​ចុះ​ធ្វើការ​អន្តរាគមន៍ ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​បាន​៤​នាក់ ក្នុង​នោះ​ភាគី​ទី​១​បាន​ចំនួន​៣​នាក់ និង​ភាគី​ទី​២​បាន​១​នាក់ ។ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ជនសង្ស័យ​ទាំងនោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ