ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីបានចេញបញ្ជា កាលពីថ្ងៃទី២៨ មេសា ឱ្យបើកការស៊ើបអង្កេតមួយ បន្ទាប់ពីការបុកគ្នារវាងរថភ្លើង២ខ្សែកាលពីយប់ថ្ងៃទី២៧ មេសា នៅជិតក្រុងហ្សាការតា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៤នាក់ និងច្រើនសិបនាក់រងរបួសមក ។

ប្រតិបត្តិការជួយសង្គ្រោះមួយនៅបន្តរហូតដល់ព្រឹកថ្ងៃទី២៨ មេសា នៅជិតស្ថានីយរថភ្លើងBEKASI TIMUR ចម្ងាយ២៥គីឡូម៉ែត្រ ខាងកើតរដ្ឋធានីហ្សារតា កន្លែងដែលកើតមានគ្រោះថ្នាក់កាលពីយប់ថ្ងៃទី២៧ មេសា ពេលរថភ្លើងរត់ជាយក្រុង១ខ្សែ ដែលឈប់ត្រូវបានបុកពីក្រោយដោយរថភ្លើងផ្លូវឆ្ងាយមួយខ្សែ ។
តាមតុល្យការចុងក្រោយថា គ្រោះថ្នាក់នោះបណ្ដាលឲ្យមនុស្សស្លាប់សរុប១៤នាក់ ហើយមនុស្ស៨៤នាក់រងរបួសធ្ងន់ និងស្រាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ នេះជាការអះអាងរបស់ក្រុមហ៊ុនផ្លូវដែករដ្ឋKAI នាព្រឹកថ្ងៃទី២៨ មេសា ។
ជនរងគ្រោះទាំងអស់ ជាអ្នកជិះក្នុងរថភ្លើងជាយក្រុង ហើយអ្នកដំណើរ២៤០នាក់ ដែលជិះក្នុងរថភ្លើងផ្លូវឆ្ងាយ ត្រូវបានជម្លៀសចេញដោយសុខសប្បាយ ។ ប្រមុខប៉ូលិសក្រុងហ្សាការតា លោកអាសេបអេឌីស៊ូហេរពន្យល់ថា រថភ្លើងផ្លូវឆ្ងាយបានបុកពីក្រោយទូចុងគេនៃរថភ្លើងជាយក្រុងសម្រាប់នារីពេលរថភ្លើងនោះឈប់។ វាហាក់ដូចជាមានរថយន្តតាក់ស៊ីមួយបុករថភ្លើងជាយក្រុង មុនពេលរថភ្លើងផ្លូវឆ្ងាយបុកតាមក្រោយ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោកប្រាបាវ៉ូស៊ូប៊ីយ៉ាន់តូ នាថ្ងៃទី២៨ មេសា បានទៅសួរសុខទុក្ខបណ្ដាអ្នករបួសនៅមន្ទីរពេទ្យ។ លោកបានសម្ដែងការចូលរួមមរណៈទុក្ខជាមួយសាច់ញាតិគ្រួសារជនរងគ្រោះនិងថ្លែងថា លោកចេញបញ្ជាឲ្យមានការស៊ើបអង្កេតមួយជាបន្ទាន់ ។ លោកក៏បានចេញបញ្ជាដែរឲ្យកសាងស្ពានឆ្លងកាត់ពីលើផ្លូវដែក សម្រាប់រថយន្តបើកកាត់ផ្លូវដែក ៕

ចែករំលែកព័តមាននេះ