ប្រទេសព្រុយណេ ៖ ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅប្រទេសព្រុយណេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញ ឯកឧត្តម Władysław T. Bartoszewski ។
ជាក់ស្តែងក្រសួងការបរទេស បានប្រកាសនារសៀល ថ្ងៃទី២៨ ខែមេសានេះថា ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម Władysław T. Bartoszewski រដ្ឋលេខាធិការនៃក្រសួងការបរទេស នៃសាធារណរដ្ឋប៉ូឡូញ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម ។

ក្រសួងការបរទេសបានបន្តថា ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាឱ្យកាន់តែស្និទ្ធស្នាល ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ខណៈដែលកម្ពុជា និងប៉ូឡូញ អបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ នៅឆ្នាំ២០២៦នេះ ៕
ចែករំលែកព័តមាននេះ