រាជធានីភ្នំពេញ ៖ កម្ពុជាគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម ៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។
ការបង្ក្រាបបទល្មើសអនឡាញស្កេម ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១ នៅថ្ងៃទី៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤ គ្រឿង ទូរសព្ទដៃ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន៤សន្លឹក ។

យោងតាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងខាងលើ ជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុនគោលដៅជនជាតិជប៉ុន ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ គោលដៅប្រទេសប៉ាគីស្ថាន បង់ក្លាដេស និងវៀតណាម ។
ដោយទទួលបានគោលការណ៍ណែនាំពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនបរទេសចំនួន២១៨នាក់ រួមនិងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ។
ប្រតិបត្តិការនេះដឹកនាំ និងចូលរួមសហការដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ លោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ការិយាល័យអន្តរាគមន៍ពិសេស ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចំណែកករណីទី២ នៅថ្ងៃទី៦ ខែមេសាដដែល គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះទៅទីតាំង បុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និងC09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនបរទេស២៧នាក់ ដកហូតវត្ថុតាងរួមមានកុំព្យូទ័រយួរដៃ ២២គ្រឿង ទូរសព្ទដៃ២២៧គ្រឿង CPU៣គ្រឿង និង Monitor ១៩គ្រឿង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ឈានចូលព្រឹកថ្ងៃទី៧ ខែមេសា កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបជាក់ស្តែង នៅផ្ទះជួលមួយកន្លែងឈ្មោះ ហាន់ ហឿន ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធបទល្មើស Online Scams និងបានឃាត់ខ្លួនជនបរទេសសរុប១៤នាក់ ។ កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេស សង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើស Online Scams បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត ។
នៅខេត្តបន្ទាយមានជ័យឯណោះវិញនាថ្ងៃទី៧ ខែមេសាដដែល សមត្ថកិច្ចបានចុះបង្ក្រាបជាក់ស្តែងនៅចំណុចកាស៊ីណូ អ័រគីដេ និងសណ្ឋាគារ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៤ជាន់ និងមានបន្ទប់សរុបចំនួន៥២ ក្នុងនោះជាន់ទី១ ពិនិត្យឃើញមាន កុំព្យូទ័រ និងទូរសព្ទដៃ ព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ៣ជាន់ទៀតជាបន្ទប់សម្រាប់ស្នាក់នៅ ដោយសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេស១៣៩នាក់ ។
ប្រតិបត្តិការខាងលើនេះដឹកនាំ និងចូលរួមដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងគណៈបញ្ជាការរដ្ឋបាលក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវីធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងសហការពីតំណាងម្ចាស់ទីតាំង ។
ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជារបៀបវារៈការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយម របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ក្នុងនាមសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន និងកំពុងដឹកនាំតម្រង់ទិសយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសមានខ្សែបណ្ដាញជាសកលមួយនេះទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្រិតរដ្ឋបាលរាជធានី ខេត្ត៕
ចែករំលែកព័តមាននេះ