សង្គ្រាមអ៉ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ពេលនេះ បានបោះបង់ចោលការគំរាមកំហែងពង្រីកការវាយប្រហារលើអ៉ីរ៉ង់ សំដៅជាពិសេសលើបណ្ដាស្ពាន មជ្ឈមណ្ឌលអគ្គិសនី និងគោលដៅស៊ីវិលដទៃៗទៀត ក្នុងលក្ខខណ្ឌដែលអ៉ីរ៉ង់ទទួលយកបទឈប់បាញ់គ្នារយៈពេល២ សប្ដាហ៍ ហើយបើកឡើងវិញច្រកសមុទ្រហ័រមូស ។
ក្នុងសារមួយចេញផ្សាយតាមបណ្ដាញសង្គម TRUTH SOCIAL របស់លោក កាលពីយប់ថ្ងៃទី៧ មេសា ប្រធានាធិបតីអាមេរិកថ្លែងថា ប្រសិនបើអ៉ីរ៉ង់ទទួលយកការបើកពេញលេញឡើងវិញភ្លាមៗនិងដោយប្រាកដប្រជាច្រកសមុទ្រហ័រមូស លោកនឹងផ្អាកការវាយប្រហារប្រឆាំងអ៉ីរ៉ង់ក្នុងរយៈពេល២សប្ដាហ៍ ។
ចំណែកក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ថ្លែងថា ព្រមទទួលយកបទឈប់បាញ់គ្នា២ សប្ដាហ៍ ក្នុងជម្លោះហើយនឹងចរចាជាមួយសហរដ្ឋអាមេរិក នៅក្រុងអ៉ីស្លាម៉ាបាដ រដ្ឋធានីប៉ាគីស្ថានចាប់ពីថ្ងៃទី១០មេសាទៅ ។ ទោះបីយ៉ាងណា សេចក្ដីប្រកាសមួយរបស់ក្រុមប្រឹក្សានោះគូសបញ្ជាក់ថា បែបនោះមិនមានន័យថា សង្គ្រាមត្រូវបានបញ្ចប់ឡើយ ។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ថ្លែង នាព្រឹកថ្ងៃទី៨ មេសា ថា បណ្ដានាវានឹងអនុញ្ញាតឲ្យឆ្លងកាត់ច្រក សមុទ្រហ័រមូស ក្នុងពេល២សប្ដាហ៍ខាងមុខនេះ ក្រោមការសម្របសម្រួលរបស់កងទ័ពអ៉ីរ៉ង់។ ច្បាស់ណាស់ថា បែបនេះមិនមែនន័យថា អ៉ីរ៉ង់បោះបង់ចោលការគ្រប់គ្រងច្រកសមុទ្រដ៏សំខាន់នេះ សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោកឡើយ ។ ក្នុងសេចក្ដីប្រកាសមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់លោកអាំប់បាស់អារ៉ាសជីសរសេរថា ក្នុងរយៈពេល២សប្ដាហ៍ការឆ្លងកាត់ដោយមានសន្តិសុខគ្រប់គ្រាន់ អាចធ្វើបានដោយសារការសម្របសម្រួលជាមួយកងទ័ពអ៉ីរ៉ង់ និងដោយការប្រកាន់ខ្ជាប់ការគោរពបណ្ដាបែបបទបច្ចេកទេស ។
មុននេះ លោកដូណាល់ត្រាំបានគំរាមកាលពីថ្ងៃទី៧ មេសា ថា អរិយធម៌អ៉ីរ៉ង់ទាំងមូលនឹងត្រូវស្លាប់នាយប់នេះ ប្រសិនបើអ៉ីរ៉ង់មិនព្រមគោរពតាមឱសានវាទចុងក្រោយរបស់លោក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលរួមបញ្ចូលការបើកច្រកសមុទ្រហ័រមូសឡើងវិញទេនោះ។ តាំងពីចាប់ផ្ដើមជម្លោះមកលោកត្រាំតែងពន្យារពេលជាប់ជានិច្ចឱសានវាទរបស់លោក មុនពេលជិតផុតកំណត់ ។ ពេលនេះ លោកថ្លែងថា អ៉ីរ៉ង់បានបង្ហាញមូលដ្ឋាននៃការចរចាដែលអាចទទួលយកបាន។ លោកអះអាងទៀតថា ស្ទើរគ្រប់ចំណុចទាំងអស់នៃការខ្វែងគំនិតគ្នាពីមុន ជាកម្មវត្ថុនៃការស្វែងរកកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ហើយអនុវត្តកិច្ចព្រមព្រៀងនោះ។
ការគំរាមកំហែងជាទូទៅរបស់លោកត្រាំកាលពីថ្ងៃទី៧ មេសា ហាក់ដូចជាមិនគិតដល់ការខូចខាតធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ជនស៊ីវិល នាំឲ្យបណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវមួយចំនួនរបស់អ.ស.ប ព្រមទាំងបណ្ដាអ្នកឯកទេសខាងច្បាប់យោធាថ្លែងថា ការវាយប្រហារបែបនោះនឹងជាការរំលោភបំពានច្បាប់អន្តរជាតិ ។
តំណាងអ៉ីរ៉ង់ប្រចាំអ.ស.ប លោកអាមៀរសាអ៊ីតអ៉ីរ៉ាវ៉ានីគូសបញ្ជាក់ថា ការគំរាមបែបនោះរបស់លោកត្រាំ គឹជាការអុជអាលឲ្យមានឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍និងថា អ៉ីរ៉ង់នឹងចាត់បណ្ដាវិធានការតបតវិញភ្លាមៗ និងសមស្រប ប្រសិនបើលោកត្រាំវាយប្រហារដ៏បំផ្លិច បំផ្លាញ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានស្នើកាលពីយប់ថ្ងៃទី៧ មេសា ដល់លោកដូណាល់ត្រាំ ឲ្យពន្យារពេលឱសានវាទរយៈពេល២សប្ដាហ៍ ដើម្បីឲ្យដំណោះស្រាយតាមការទូតមានការរីកចម្រើន ។ ក្នុងសារមួយតាមបណ្ដាញសង្គម X នាយករដ្ឋមន្ត្រីរូបនេះ លោកស៊ីបាស់សារីហ្វដែលប្រទេសលោកជាអាជ្ញាកណ្ដាលនៃការចរចា ក៏ស្នើផងដែរដល់អ៉ីរ៉ង់ឲ្យបើកច្រកសមុទ្រហ័រមូសក្នុងរយៈពេល២សប្ដាហ៍ ។
មុនផុតកំណត់ឱ់សានវាទ អាមេរិកបានវាយប្រហារតាមអាកាសលើស្ពាន២កន្លែង និងស្ថានីយរថភ្លើងមួយ ហើយក៏វាយប្រហារផងដែរ លើបណ្ដាហេដ្ឋារចនាសម្ព័ន្ធយោធាអ៉ីរ៉ង់លើកោះKHARG ជាទីតាំងផលិតប្រេងធំបំផុតរបស់អ៉ីរ៉ង់៕
ចែករំលែកព័តមាននេះ