ស្ពានឈើថ្មីនៅប្រាសាទបេងមាលា ៖ ដើរស្រួល ថតរូបស្អាត និងសុវត្ថិភាពបំផុតសម្រាប់ដំណើរកម្សាន្ត នាបុណ្យចូលឆ្នាំ
- សៀមរាប
ខេត្តសៀមរាប ៖ រូបភាពនៃប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសម្រស់ធម្មជាតិដ៏អាថ៌កំបាំង នៃប្រាសាទបេងមាលា ពេលនេះ កាន់ តែបង្កើនភាពទាក់ទាញទ្វេដង ក្នុងពេលដែលអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុល «ស្ពានឈើថ្មើរជើង» ជាស្ថាពរ ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលចូលឆ្នាំថ្មីនេះ។
បទពិសោធន៍ថ្មីលើដងស្ពាន ដែលមានទំហំធំទូលាយជាងមុន សុវត្ថិភាពជាងមុន គឺស្ពានឈើថ្មីដែលមានប្រវែងសរុបដល់ទៅ ១៨៩ ម៉ែត្រនេះ មិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនាប៉ុណ្ណោះទេ ប៉ុន្តែគឺជា«មគ្គុទ្ទេសក៍ឈើ» ដែលនឹងនាំលោកអ្នកលម្ហែកាយចេញ ពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។ ជាមួយនិងការរចនាបង្គុំតាមបទ ដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ស្ពាននេះត្រូវបានពង្រីកទទឹងឱ្យកាន់តែធំទូលាយ (ចាប់ពី ១.៣០ម៉ែត្រ ដល់១.៧០ម៉ែត្រ) ដែលផ្ដល់ភាពងាយស្រួលក្នុងការដើរទស្សនា និងថតរូបកម្សាន្តដោយមិនមានភាពរអាក់រអួល។ នេះ គឺជាការលះបង់ដើម្បីកេរដំណែលដូនតា ក្រោមការលះបង់កម្លាំងកាយចិត្តអស់រយៈពេលជិត៧ខែ ។
លោក ពុទ្ធ សុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ស្ពានថ្មីនេះ បានជំនួសឱ្យស្ពានចាស់ដែលធ្លាប់ទ្រុឌទ្រោមដោយសារអាយុកាល និងអាកាស ធាតុ។ ការជួសជុល ត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២៦នេះ ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ការបង្កើត ភាពសុខដុមរមនារវាង «ស្ថាបត្យកម្ម និងធម្មជាតិ» ដែលជាតម្លៃទេសភាពប្រាសាទ បេងមាលា ត្រូវបានគេស្គាល់ថាជា«ប្រាសាទក្នុងព្រៃ» ដែលមានសោភ័ណភាពប្លែកពីគេ។ ស្ពានឈើថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឱ្យភ្ញៀវទេសចរអាច៖
ផ្តិតយកទិដ្ឋភាពពីលើអាកាស៖ មើលឃើញក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្មដែលប្រកប ដោយមន្តស្នេហ៍ពីលើស្ពាន។- បង្ហាញជូនភ្ញៀវនូវអារម្មណ៍ស្រស់ស្រាយ ក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ ប្រៀបដូចជាការដើរក្នុងឋានសួគ៌បុរាណ។ – យើងបង្កើតភាពងាយស្រួលលើដងស្ពាន ដោយបំពាក់ជណ្តើរ និងផ្លូវដើរថ្មី ជួយឱ្យការទស្សនាប្រាសាទមហិមានេះកាន់តែមានភាពងាយ ស្រួល និងអារម្មណ៍រំភើប។
តើលោកអ្នក បានត្រៀមខ្លួនហើយឬនៅ? ដើម្បីទៅទទួលយកបទពិសោធន៍ថ្មី នៅលើស្ពានឈើថ្មី ក្នុងទឹកដីនៃប្រាសាទបេងមាលា នាពេលបុណ្យចូលឆ្នាំថ្មីនេះ។ សម្រស់ដ៏អាថ៌ កំបាំងនៃអតីតកាល កំពុងរង់ចាំលោកអ្នកទៅស្វែងរកហើយ៕














ចែករំលែកព័តមាននេះ