ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​៖ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​បុណ្យប្រពៃណី​ជាតិ​ធំ​ដ៏​សំខាន់​បំផុត ជា​វប្បធម៌​ដ៏​យូរលង់ និង​ល្អ​ផូរផង់ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ព្រះករុណា ​ព្រះបាទ​ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ព្រះរាជ​ឱង្កា​រថា…

រាជធានី​ភ្នំពេញ ​៖ ​ព្រះករុណា ​ព្រះបាទ​ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ព្រះរាជ​ឱង្កា​រថា ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ធំ​ដ៏​សំខាន់​បំផុត​មួយ ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់ ដែល​ជា​វប្បធម៌​ដ៏​យូរលង់ និង​ល្អ​ផូរផង់ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​ ។ នេះ​​បើ​យោង​តាម​ព្រះរាជ​សារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ ចេញផ្សាយ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ ប្រទាន​ជូន​ជនរួមជាតិ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ គ​.​ស​.២០២៦​ ។

ក្នុង​ព្រះរាជ​សារ​ព្រះ​អង្គ​បាន​លើក​ឡើង​ថា​ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ពិធីបុណ្យ ប្រពៃណី​ជាតិ​ធំ​​ដ៏​សំខាន់​បំផុត​មួយ ក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ដែល​តែងតែ​ប្រារព្ធ​ឡើង​ក្នុង​ខែមេសា​ជា​រៀង​រាល់​ឆ្នាំ តាំងពី​បុរាណកាល​មក ដែល​ជា​រដូវ​កាល​ប្រជារាស្ត្រ​ខ្មែរ​មាន​ពេលទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ​ដំណាំ​ផ្សេង​ៗ និង​បាន​សម្រាក​ពី​ការងារ​មក ជួបជុំ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ព្រមទាំង​លេង​ក​ម្សា​ន្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ជា​វប្បធម៌​ដ៏​យូរលង់ និង​ល្អ​ផូរផង់​ដែល​បុព្វ​បុ​រ ស​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​ ។

ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​ទៀត​ថា ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ផង​ដែរ ជា​ពិធី​បុណ្យ​មួយ​ដែល​មាន​អត្ថន័យ​ដ៏​ធំធេង ហើយ​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ដើម្បី​អបអរសាទរ​ចំពោះ​ការ​ចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី និង​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ហើយ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​សមាជិកគ្រួសារ និង​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​អ្នកស្រុក​ភូមិ ជិត​ឆ្ងាយ​គ្នា និង​សហគមន៍​ផង ដោយ​ធ្វើការ​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​មាន​សុខភាព​ល្អ សុភមង្គល និង​ជោគជ័យ​ក្នុង​ជីវិត​ ។

លើស​ពី​នេះ​ទៀត ពិធីបុណ្យ​នេះ ​ក៏​បាន​បង្ហាញ​ពី​អត្តសញ្ញាណ និង​អរិយធម៌ របស់​ជាតិខ្មែរ បណ្តុះ​ស្មារតី​សាមគ្គីភាព​ជាតិ និង​ថែរក្សា​ការពារ ស្រឡាញ់​ទំនៀមទម្លាប់​ប្រពៃណី ជាតិខ្មែរ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​និរន្តរ៍ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ