ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ៖ ​ដំណើរ​បេសកកម្ម​ការទូត​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ទៅ​បារាំង​ ដើម្បី​ឧត្តម​ប្រយោជន៍ជាតិ​មាតុភូមិ និង​ប្រជាជន

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​ ដំណើរ​បេសកកម្ម​ការទូត​ថ្មី​ មួយទៀត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ​ទៅ​បារាំង ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ​មាតុភូមិ និង​ប្រជាជន…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​ ដំណើរ​បេសកកម្ម​ការទូត​ថ្មី​ មួយទៀត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ​ទៅ​បារាំង ​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ​មាតុភូមិ និង​ប្រជាជន ​។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៦​ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​បាន​បញ្ជាក់​ថា ស​ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ដល់​ប្រទេស​បារាំង ប្រកបដោយ​សុវត្ថិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃ​ទី​៦ ដល់ទី​៩ ខែមេសា ឆ្នាំ​២០២៦ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម Emmanuel MACRON ប្រ​ធានា​ធិបតី​បារាំង ​។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ប្រធានាធិបតី អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​ និង​ពង្រីក​បន្ថែម ​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​បារាំង ដែល​កំពុង​រីក​ចម្រើន ក្នុង​វិស័យ​នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និង​វប្បធម៌ ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នា​ពេល​ខាង​មុខ ​។

លើស​ពី​នេះ​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ ក៏​គ្រោង​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ​រួម​ទាំង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី (Francophonie) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ នៅ​ខែវិច្ឆិកា​ ឆ្នាំ​នេះ ព្រមទាំង​កា​រវិ​វត្ត​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​បន្ត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ​ស្តី​ពី​សុខភាព​តែ​មួយ (One Health Summit) នៅ​ទីក្រុង​លី​យ៉ុ​ង (Lyon) នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦​។ កិច្ចប្រជុំ​កំពូល ស្តី​ពី​សុខភាព​តែ​មួយ ដែល​ជា​កិច្ចប្រជុំ​កំពូល​លើក​ទី​៩ នៃ​កិច្ចប្រជុំ​កំពូល​ ស្តី​ពី​ភព​ផែនដី​តែ​មួយ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​របស់​ប្រទេស​បារាំង ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រទេស G7 នៅ​ឆ្នាំ​២០២៦ ​។

ប្រភព​បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​កំពូល​នេះ គឺជា​វេទិកា​កម្រិត​ខ្ពស់​ សម្រាប់​ការ​ជួបជុំ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល តំណាង​អង្គការ​អន្តរជាតិ សង្គម​ស៊ី​វិល និង​អ្នក​វិទ្យាសាស្ត្រ ដើម្បី​ពិភាក្សា​បញ្ហា​ពាក់ព័ន្ធ​នឹង​សុខភាព​មនុស្ស សត្វ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ។

ឯកឧត្តម​បន្ត​ថា ​អញ្ជើញ​អមដំណើរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី រួម​មាន លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​សមាជិក​ នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ ។

ឯកឧត្តម​អ្នកនាំពាក្យ​គូសបញ្ជាក់​ថា​ ៖ “នេះ​ជា​ដំណើរ​បេសកកម្ម​ការទូត​ថ្មី​មួយទៀត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​មាតុភូមិ និង​ប្រជាជន​” ​។

សូម​ជម្រាប​ថា​កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​បំពេញបេសកកម្ម​ការទូត​ដ៏​វែង​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ទ្វីបអឺរ៉ុប​ដោយ​ក្នុងអំឡុងពេល​នោះ សម្តេច​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន ថ្នាក់ដឹកនាំ​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា រួម​ទាំង​ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន ​។

លើស​ពី​នេះ សម្តេច​ក៏​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​ជូន​ទីភ្នាក់ងារសារព័ត៌មាន ក៏​ដូច​ជា​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន​ផង​ដែរ​។ ក្នុង​ចំណោម​ប្រធានបទ​ដែល​បាន​លើក​ឡើង ស្ថានការណ៍​វិវត្តន៍​ថ្មី​ៗ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​ប្រធានបទ​សំខាន់​មួយ​ដែល​ដៃគូ​បរទេស និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​នោះ​មាន​ដូច​ជា ការ​ដាក់​ពង្រាយ​ទូរ​កុងតឺន័រ បន្លា​លួស ដើម្បី​រារាំង​ជន​ស៊ី​វិល​មិន​ឱ្យ​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​របស់​ពួក​គេ​វិញ និង​ការ​ប៉ុនប៉ង​កែប្រែ​ស្ថានការណ៍ ដើម្បី​កាន់កាប់​លើ​ដី​ជាក់ស្តែង​(fait accompli on the ground) ក៏​ដូច​ជា​សកម្មភាព​ទាំងឡាយ​ដែល​ភាគី​ថៃ​រំលោភ​បំពាន​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ក្រោម​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ជាដើម ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដឹង​លឺ​យ៉ាង​ទូលំទូលាយ​ ។

សូម​បញ្ជាក់​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ជា​ផ្លូវការ និង​ជា​បន្តបន្ទាប់​ប្រឆាំង​ជំទាស់​ជា​ដាច់ខាត​ចំពោះ​រាល់​សកម្មភាព​បំពាន​លើ​បូរណភាព​ទឹកដី និង​ប្រជាជន​កម្ពុជា និង​បាន​បញ្ជាក់​ជំហរ​ប្រាប់​ភាគី​ថៃ​យ៉ាង​ច្បាស់លាស់​ថា កម្ពុជា​មិន​ទទួលស្គាល់​នូវ​បន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ដែនដី​ដោយ​ឯកតោភាគី​ពី​ប្រទេស​ថៃ​ទេ ហើយ​ក៏​បាន​សង្កត់ធ្ងន់​ថា សកម្មភាព​ថ្មី​ៗ​នេះ មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​ឡើយ​។

រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ បញ្ឈប់​ការ​ប្រព្រឹត្ត​រាល់​សកម្មភាព​ឯកតោភាគី​ផ្សេង​ៗ និង​ត្រូវ​បន្ថយ​ភាព​តានតឹង និង​ពង្រឹង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើត​បាន​នូវ​សន្តិភាព​យូរអង្វែង​នៅ​តាម​ព្រំដែន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ