សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សំណួរដែលគូស្នេហ៍ជាច្រើនតែងតែលួចបារម្ភក្នុងចិត្តគឺ “តើយើងរួមភេទតិចពេកឬទេ?” ឬ “ប៉ុន្មានដងទើបហៅថាធម្មតា?”។ ថ្ងៃនេះ អ្នកជំនាញខាងចិត្តវិទ្យា និងសុខភាពផ្លូវភេទបានបញ្ចេញចម្លើយយ៉ាងច្បាស់ៗ ដើម្បីឱ្យអ្នក និងមនុស្សជាទីស្រឡាញ់កាន់តែយល់ចិត្តគ្នា និងមានភាពកក់ក្ដៅក្នុងជីវិតគ្រួសារ។
តាមពិតទៅ រឿងលើគ្រែមិនមែនត្រឹមតែជាការកម្សាន្តសប្បាយតាមបែបកាយវិការនោះទេ ប៉ុន្តែវាគឺជា “កាវស្អិត” យ៉ាងពិសេសដែលជួយតភ្ជាប់ទំនាក់ទំនង បង្កើតទំនុកចិត្ត និងធ្វើឱ្យផ្លូវចិត្តកាន់តែជិតស្និទ្ធ។ បើផ្អែកលើការស្រាវជ្រាវ គូស្នេហ៍ដែលមានការរួមភេទជាមធ្យម “១ ដងក្នុងមួយសប្តាហ៍” បែរជាមានរបាយការណ៍ថាមានសេចក្តីសុខបំផុតក្នុងជីវិតអាពាហ៍ពិពាហ៍។ ទោះបីជាអ្នកជំនាញខ្លះលើកឡើងពីតួលេខ ២ ដងក្នុងមួយសប្តាហ៍ជាគោលក៏ដោយ ប៉ុន្តែវាមិនមែនជាច្បាប់ក្រមងីតដែលត្រូវតែធ្វើតាមឱ្យខានតែបាននោះទេ។
គោលការណ៍ដ៏សំខាន់បំផុតដែលអ្នកជំនាញណែនាំគឺ “ការផ្អែកលើអ្នកដែលមានតម្រូវការតិចជាង”។ ប្រសិនបើម្នាក់ចង់ធ្វើរាល់ថ្ងៃ តែម្នាក់ទៀតចង់ត្រឹមតែមួយខែម្ដង តួលេខដែលគួរយកជាគោលគឺ “មួយខែម្ដង” ព្រោះវាជាចំណុចដែលបញ្ជាក់ពីការយល់ព្រម និងស្ម័គ្រចិត្តពីទាំងសងខាង ដែលជាគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំ។ ការបង្ខិតបង្ខំ ឬការធ្វើតាមតួលេខកំណត់ដោយគ្មានអារម្មណ៍ពិត នឹងធ្វើឱ្យជីវិតគូកាន់តែមានគម្លាតទៅវិញទេ។
ទោះជាយ៉ាងណា មានកត្តាជាច្រើនដែលធ្វើឱ្យ “ចំណង់” ធ្លាក់ចុះដូចជា ភាពតានតឹង និងការហត់នឿយពីការងារ, បញ្ហាសុខភាពកាយ និងចិត្ត, កង្វះការយល់ចិត្តគ្នា ឬការផ្លាស់ប្តូរធំៗក្នុងជីវិតដូចជាការទើបមានបុត្រជាដើម។ ចម្លើយចុងក្រោយសម្រាប់សំណួរថា “ប៉ុន្មានដងទើបល្មម?” គឺមិនសំខាន់ស្មើនឹងសំណួរថា “តើយើងទាំងពីរនាក់មានក្ដីសុខដែរឬទេ?” នោះឡើយ។ ការងាកមកជជែកគ្នាដោយបើកចំហ និងយល់ពីតម្រូវការរបស់ដៃគូ គឺជាសោរមាសដ៏ពិតប្រាកដសម្រាប់សុភមង្គលដែលយូរអង្វែង៕
ចែករំលែកព័តមាននេះ