ទីក្រុងតេហេរ៉ង់៖ ស្ថានភាពសង្រ្គាមដែលកំពុងស្ថិតក្នុងដង្ហើមចង្រិតបានឡើងកម្ដៅដល់ចំណុចកំពូល បន្ទាប់ពីកងទ័ពឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍តបតយ៉ាងដាច់អហង្ការទៅកាន់ការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី៧ ខែមេសានេះ។
ខណៈដែលលោក ត្រាំ ព្រមានវាយកម្ទេចរោងចក្រអគ្គិសនី និងស្ពានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហូម៉ូស នោះ ខាងភាគីអ៊ីរ៉ង់បានប្រកាសវិញថា ខ្លួននឹងមិនរុញរាក្នុងការវាយបកតាមរបៀប “ភ្នែកដូរភ្នែក ធ្មេញដូរធ្មេញ” លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលវិញដូចគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ កងទ័ព IRGC បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើអាម៉េរិកហ៊ានវាយប្រហារលើសំណង់ស៊ីវិលរបស់ខ្លួន អ៊ីរ៉ង់នឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់អាម៉េរិក និងសម្ព័ន្ធមិត្តរងវាសនាដូចគ្នា ដែលនឹងធ្វើឱ្យពួកគេបាត់បង់លទ្ធភាពទទួលបានប្រេង និងឧស្ម័នពីតំបន់នេះក្នុងរយៈពេលច្រើនឆ្នាំ។ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា មេដឹកនាំអាម៉េរិកកំពុងមានការភ័ន្តច្រឡំក្នុងការគណនា និងមើលស្រាលលើសមត្ថភាពរបស់អ៊ីរ៉ង់ ដែលអាចវាយប្រហារដល់ “ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” សំខាន់ៗរបស់អាម៉េរិកដែលស្ថិតក្នុងរង្វង់គោលដៅនៃយន្តហោះចម្បាំង និងមីស៊ីលរបស់ខ្លួន។
អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ អ៊ីរ៉ង់បានព្រមានថា ការសងសឹករបស់ខ្លួននឹងមិនត្រឹមតែកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវានឹងរាលដាលដល់ “ក្រៅតំបន់” ថែមទៀត ប្រសិនបើយោធាអាម៉េរិកហ៊ានឆ្លងកាត់ខ្សែបន្ទាត់ក្រហម។ ការប្រកាសនេះបង្ហាញថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ដើម្បីការពារជាតិរបស់ខ្លួន ខណៈដែលពិភពលោកកំពុងតាមដានមើលយ៉ាងអន្ទះសារថា តើការប៉ះទង្គិចគ្នាដោយអាវុធកម្រិតធ្ងន់នឹងផ្ទុះឡើងនៅយប់ថ្ងៃអង្គារនេះតាមការព្រមានរបស់លោក ត្រាំ ឬយ៉ាងណា៕
ចែករំលែកព័តមាននេះ