ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​ទីតាំង​អគារ​អន​ឡាញ​១​កន្លែង​ ឃាត់ខ្លួន​​ជិត​១៤០​នាក់

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ បានធ្វើការ​​ឡោម​ព័ទ្ធ​ទីតាំង​អគារ​កាស៊ី​ណូ RICH ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ បានធ្វើការ​​ឡោម​ព័ទ្ធ​ទីតាំង​អគារ​កាស៊ី​ណូ RICH ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​បាន​សង្ស័យ​ថា ​ជាទី​តាំង Online Scams ។

ប្រតិបត្តិការ​នេះ ​ដឹកនាំ​ដោយ​លោក ប្រាក់ ប៉ូ​លី អភិបាលរង​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​មាន​កម្លាំង​នគរបាលកងរាជអាវុធ​ហត្ថ​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត​ច្រើន​ក្រុម ។ ជា​លទ្ធផល បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៣៩​នាក់ និង​រឹបអូស​សម្ភារៈ Online Scams មួយ​ចំនួន ហើយ​ការ​បង្ក្រាប​នេះ​មាន​រយៈពេល​១​ថ្ងៃ​ពេញ​ចាប់តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​បញ្ចប់ ។

ជនបរទេស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មានចម្រុះ​ជាតិ​សាសន៍​ គឺ​មាន ចិន វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី និង​បញ្ជូន​តាម​រថយន្ត​ឆ្ពោះទៅ​ខេត្តសៀមរាប ដើម្បី​រៀបចំ​បណ្តេញ​ចេញពី​កម្ពុជា​​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញតាម​យន្តហោះ ​ពិសេស​នៅ​ព្រ​លាន​យន្តហោះ​សៀម​រាប​-​អង្គរ ដែល​បន្ត​នីតិវិធី​ដោយ​នគរបាល​អន្តោប្រវេសន៍ ។

ដោយឡែក អ្នក​ពាក់ព័ន្ធ​នឹង​បទល្មើស​ត្រូវ​បាន​រៀបចំ​នីតិវិធី​ដើម្បី​អនុវត្ត​តាម​ច្បាប់ ។ គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៦ ​កន្លង​ទៅ នៅ​ឆាយ​ណា​បឹង​បេង ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយមាន​ជ័យ ដែល​មាន​អគារ​ចំនួន​២១ និង​អគារខ្លះ​កំពុង​សាងសង់ បាន​ត្រូវ​កម្លាំង​អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ចុះ​បង្ក្រាប​ទ្រង់​ទ្រាយ​​ធំ ដោយឃាត់ខ្លួន​ជនបរទេស​ចំនួន​៨១១​នាក់ ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ អគារ​នេះ​បាន​ត្រូវ​បិទទ្វារ ។

តាម​ពិត​ទៅ អគារ​ដែល​ក្លាយជា​ទីតាំង Online Scams នេះ​ជា​អចលនទ្រព្យ​ដែល​គេ​សាងសង់​សម្រាប់​លក់ តែ​ដោយសារ​វិស័យនេះ​ ដាំ​ក្បាល​ចុះ​ក៏​ក្លាយជា​ទីតាំង​ជួល​​ឱ្យ​ជន​បរទេស​ស្នាក់​នៅ
​រហូត​ក្លាយជា​ទីតាំង Online Scams ។

ក្នុង​ចំណោម​ជនបរទេស​ចំនួន​៨១១​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មានជនជាតិ​វៀតណា​ម​​៧៧៦​នាក់ ចិន​៣៤​នាក់ និង​ម៉ា​ឡេ​ស៊ី១​នាក់ ក្នុង​នោះ​ដែរ​មាន​១៨​នាក់ ជា​មេខ្លោងត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មួយ​ចំនួន​ទៀត​អនុវត្ត​នីតិវិធីប្រគល់​ឲ្យ​ទៅ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ចេញពី​កម្ពុជា ។ តាម​សមត្ថកិច្ច​ជំនាញក្រុម​ជនសង្ស័យ​បានប្រើប្រាស់​វិធី​លួងលោម​ស្នេហាឱ្យ​ជន​រង​គ្រោះវិនិយោគ​​លើ​ការ​ទិញ​-​លក់ទំនិញ តាម​រយៈ​បណ្តាញ​សង្គម​ទិ​កតុក WhatsApp Zalo តេ​ឡេ​ក្រាម និង​ហ្វេ​សប៊ុក ។

ជាមួយ​គ្នា​នេះ ក្រុម​ជនល្មើស​បាន​ឆ្លៀត​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ ដើម្បី​ទិញ​សរីរាង្គ​មនុស្ស ពី​អ្នក​ដែល​បាន​ចាញ់បោក​ពួក​ជនល្មើស និង​បាន​ចាប់បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ធ្វើការ​ឆបោក​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ